(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានក្រើនរម្លឹងដល់គ្រប់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវតែយកចិត្តទុកដាក់កែលម្អចំពោះអង្គភាពរបស់ខ្លួន និងមានស្មារតី ចេះទទួលខុសត្រូវ ខ្ពស់ចំពោះការងារ និងបង្កើននូវធនធានមនុស្សឲ្យមានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់តែ មានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។
លោក សុខ លូ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។
លោក សុខ លូ ក៏បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងាររបស់ខ្លួន លើសពីនេះក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ដើម្បីជួយដោះ ស្រាយនិងប្រឹក្សារាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ។
លោកបានបន្តថា ចំពោះភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់កុំឲ្យមានបញ្ហាអំពើហិង្សា ក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ពីការប្រែប្រួលអាកាសធាតុផង ហើយអ្វីដែលជាបញ្ហាប្រឈមគឺជំងឺកូវីដ១៩ កំពុងតែរាតត្បាតលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង អាជ្ញធរក្រុង ស្រុក និងមន្ទីរអង្គភាពត្រូវតែយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីការធ្វើអនាម័យឱ្យបានស្អាតកុំឱ្យឆ្លងជំងឺកូវីដ១៩។
ត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាងជាប្រចាំ, ការប្រើម៉ាស់ ឬកន្សែង ឬក្រម៉ា ខ្ទប់មាត់ ច្រមុះ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំមានលក្ខណៈ ប្រមូលផ្តុំឡើយ។ ត្រូវផ្សព្វផ្សាយចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធភាពស្របតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ជាពិសេសអប់រំដល់មន្ត្រីដែលត្រូវអនុវត្តច្បាប់ ឲ្យគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ។
គួរបញ្ចាក់ថារបៀបវារៈនៃកិច្ចប្រជុំនេះមាន៖ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យ និងអនុម័តរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត, ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពីប្រតិទិននៃកិច្ចប្រជាសមញ្ញារបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ឆ្នាំទី២ ២០២០-២០២១, បញ្ហាផ្សេងៗ៕