(ភ្នំពេញ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហាញនូវអ្វីដែលជាសមិទ្ធផលរបស់ខ្លួន ដែលអនុវត្តបាននាពេលកន្លងមក ក៏ដូចជាទិសដៅសម្រាប់អនុវត្តបន្ដនាពេលខាងមុខ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
សន្និសីទសារព័ត៌មាននេះ ដឹកនាំ និងសម្របសម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ខណៈប្រតិភូរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី និងមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្ដ្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។
សមិទ្ធផលដែលបានបង្ហាញដោយ លោក អ៊ុំ រាត្រី រួមមាន៖
* ការងារកសិកម្ម៖ ស្រូវវស្សា អនុវត្តបានលើផ្ទៃដីសរុប ២៤៩,៤៤៩ហិចត ស្មើនឹង៩៩,២៦%នៃផែនការ ២៥១,៣០០ហិចតា ប្រមូលផលបាន២២៤,៨៣៤ហិចតា បរិមាណផលសរុប ៦៨៨,៣២៧តោន។
ដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ ១០៦,៥១៦ហិចតា ក្នុងនោះដំឡូងមី៩១,៨០២ហិចតា ទទួលបានផល ២,០១៩,៦៤៤តោន (ទិន្នផលជាមធ្យមពី២២ ទៅ២៥តោន ក្នុងមួយហិតកា) ពោតក្រហម១១,៨៥៩ហិចតា ទទួលបានផល ៤១,៥០៦.៥តោន (ទិន្នផលជាមធ្យមពី៣.៥ ទៅ៤តោន ក្នុងមួយហិកតា) ដំណាំរួមផ្សំ និងបន្លែ១,៩២៧ហិចតា ដែលទទួលផលប្រមាណ២០តោន។ ស្រូវប្រាំងផែនការ២២,០០០ហិចតា អនុវត្តបាន៥៥,០៦៧ហិចតា ស្មើនឹង២៥០% នៃផែនការ បរិមាណផល២៤៥,៥៦៦តោន។
ការងារជលផល យើងមានសហគមន៍នេសាទ២២សហគមន៍ កន្លែងអភិរក្សជលផល២កន្លែង អភិរក្សសហគមន៍នេសាទ៤០កន្លែង ស្រះចិញ្ចឹមត្រីសហគមន៍៥៥ស្រះ អាជីវកម្មចិញ្ចឹមត្រីលក្ខណៈគ្រួសារ៩១ស្រះ ចិញ្ចឹមកង្កែប២២គ្រួសារ ស្មើនឹង២១១តង់ ភ្ញាស់កូនត្រី៥គ្រួសារស្មើនឹង៣៦អាង ស្រះបំប៉ន៤៣ស្រះ និងមានបណ្តុំអាជីវកម្មចិញ្ចឹមត្រី៤បណ្តុំ បណ្តុំអាជីវកម្មកែច្នៃត្រី៤បណ្តុំ។
* ការងារធនធានទឹក៖ សមិទ្ធផល នៃប្រព័ន្ធធរាសាស្រ្ត ដែលផ្តល់លទ្ធភាពក្នុងការស្រោចស្រព ទាំងតូចទាំងធំ ចំនួន៨៧ប្រព័ន្ធ ស្ថានីយ៍បូមទឹក០៣កន្លែង ស្ថានីយ៍ឧតុនិយម០២កន្លែង ស្ថានីយ៍ជលសាស្រ្ត០៦កន្លែង សហគមន៍កសិករប្រើប្រាស់ទឹក១៨សហគមន៍ ផ្ទៃដីដែលអាចបង្កបង្កើនផលពីរដងក្នុងមួយឆ្នាំមាន៣៥,០០០ហិចតា ដែលអាចស្រោចស្រពដោយប្រព័ន្ធ៦៥% ក្នុងនោះបែងចែកជាខ្នាតធំ៦ ខ្នាតមធ្យម៧៥ និងខ្នាតតូច៦ ដែលខ្នាតធំស្រោចស្រព្វចាប់ពី៥,០០០ហិចតាឡើង ខ្នាតមធ្យមស្រោចស្រព្វក្រោម៥,០០០ហិចតា និងខ្នាតតូចស្រោចស្រពចាប់ពី២០០ហិចតាចុះ។ អាងទឹកចំនួន៣៤អាង ប្រព័ន្ធ ទំនប់ ប្រឡាយចំនួន៥៣ប្រព័ន្ធ។
* ការងារសាធារណការ៖ ផ្លូវថ្នល់ជាផ្នែកមួយដ៏សំខាន់ នៃការដឹកជញ្ជូនសេដ្ឋកិច្ចខេត្តយើងមានបណ្តាញ ផ្លូវថ្នល់ ផ្លូវជាតិ ផ្លូវខេត្ត សរុប២១ខ្សែ ដែលមានប្រវែងសរុប៧០០,២៩០គីឡូម៉ែត្រ ប្រភេទក្រាលកៅស៊ូA/Cប្រវែង១០១,០៨០ ក្រាលកៅស៊ូប្រភេទ DBST ប្រវែង៣៨០,១១គីឡូម៉ែត្រ ក្រាលបេតុងប្រវែង១,៨៨០គីឡូម៉ែត្រ ក្រាលក្រួសក្រហម១៩៣,១៧គីឡូម៉ែត្រ និងផ្លូវដីប្រវែង២៥,៦០គីឡូម៉ែត្រ។
* ការងារអភិវឌ្ឍន៍ជនបទ៖ ផ្លូវជនបទមានចំនួន២,០៦៧ខ្សែ ប្រវែងសរុប២,៩២៥គីឡូម៉ែត្រ ក្នុងនោះផ្លូវកៅស៊ូ១ជាន់ ប្រវែង៤៨គីឡូម៉ែត្រ ផ្លូវកៅស៊ូ២ជាន់ប្រវែង២៧៣គីឡូម៉ែត្រ ផ្លូវបេតុង១០០គីឡូម៉ែត្រ ផ្លូវក្រួសក្រហម១,៨១១គីឡូម៉ែត្រ ផ្លូវល្បាយក្រួសអាចម៍ផ្កាយ៨១គីឡូម៉ែត្រ ផ្លូវល្បាយកំទេចថ្មភ្នំ៦០គីឡូម៉ែត្រ និងផ្លូវដីស៥៤១គីឡូម៉ែត្រ។
* ការងាររ៉ែ និងថាមពល៖ ការផ្គត់ផ្គង់អគ្គិសនី បានប្រើប្រាស់ថាមពលពី២ប្រភព គឺពីប្រភពក្នុងស្រុក (បណ្តាញជាតិ) និងពីប្រទេសថៃ ដែលមានអាជ្ញាប័ណ្ណ អគ្គិសនីមាន២៣អាជ្ញាប័ណ្ណ ក្នុង៦៥៨ភូមិ មាន៦៤៥ភូមិ ស្មើនឹង៩៨% មានអគ្គិសនីប្រើប្រាស់ និង១៣ភូមិទៀត ក្នុងនោះមានស្រុកថ្មពួក ចំនួន២ភូមិ ស្រុកមង្គលបូរី ចំនួន២ភូមិ ស្រុកព្រះនេត្រព្រះ ចំនួន២ភូមិ និងស្រុកម៉ាឡៃ ៧ភូមិ បាននិងកំពុងដាំបង្គោល និងបំពាក់បណ្តាញភ្លើង។ បរិមាណថាមពលតម្រូវការ ក្នុងខេត្តប្រមាណ១០០មេហ្គាវ៉ាត់ អតិថិជនដែលកំពុងប្រើប្រាស់អគ្គិសនីមាន១៣៧,៧៣៩គ្រួសារ លើ១៩១,៧២៣គ្រួសារ ស្មើនឹង៧២%។
ការងារធនធានរ៉ែ ក្រុមហ៊ុនផលិតថ្មសំណង់ មាន៨ការដ្ឋាន មានសកម្មភាព៧ការដ្ឋាន កំពុងរៀបចំ០១ការដ្ឋាន អាជ្ញាប័ណ្ណអាជីវកម្មដីក្រហមក្រសួង២ការដ្ឋាន ខេត្ត៣ការដ្ឋាន ការដ្ឋានអាជីវកម្មអាចម៍ដីខេត្ត១៧ការដ្ឋាន រណ្តៅដីចល័តខេត្ត១០៧ការដ្ឋាន និងក្រុមហ៊ុនរុករករ៉ែលោហៈ ៥ក្រុមហ៊ុន។
* ការងារពាណិជ្ជកម្ម៖ ខេត្តបន្ទាយមានជ័យមានកសិផល៦មុខ ដែលបម្រើឲ្យវិស័យនាំចេញ។ ឆ្នាំ២០១៩ ការនាំចេញស្រូវអង្ករមានបរិមាណមិនខុសពី ឆ្នាំ២០១៨។ ក្រៅពីស្រូវ អង្ករ យើងបាននាំចេញនូវគ្រាប់ឈូកក្រៀម១០ច្បាប់ ស្មើនឹង១៥០តោន ស្វាយកែវល្មៀត ៥០ច្បាប់ ស្មើនឹង៥,៥០០តោន ដំឡូងមី ១,៧២៩ច្បាប់ ស្មើនឹង៤៣២,២៥០តោន ម្រេចខ្មៅ២០ច្បាប់ ស្មើនឹង៣០០តោន គ្រាប់ស្វាយចន្ទី១ច្បាប់ ស្មើនឹង៣០០តោន ម្ទេសក្រៀម ៣៦ច្បាប់ ស្មើនឹង១,៨០០តោន ពោតក្រហម៥០ច្បាប់ ស្មើនឹង១២,៥០០តោន និងផលិតផលកសិកម្មមួយចំនួនទៀត ដែលកសិករផលិតបាន។
* ការងារឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍៖ ខេត្តមានឧស្សាហកម្ម សហគ្រាសធុនតូច មធ្យម និងសិប្បកម្មចំនួន១,១១៣មូលដ្ឋាន មានកម្មករបម្រើការងារ១៧,៤៩៦នាក់ ស្រី៩,៩៨៨នាក់។ ឧស្សាហកម្ម មានរោងចក្រចំនួន២២ កំពុងដំណើរការ មានកម្មករបម្រើការងារ១១,៥៣៤នាក់ ស្រី៧,៣១២នាក់។
* ការងារទេសចរណ៍៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភ្ញៀវទេសចរច្រើនជាតិសាសន៍ចេញចូលឆ្លងកាត់ ទៅកាន់តំបន់អង្គរ និងទៅតំបន់រមណីយដ្ឋានដទៃទៀត ទូទាំងប្រទេស។ ភ្ញៀវទេសចរចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន៤៥១,១៩៨នាក់ ថយចុះ១.១៥% ធៀបនឹងឆ្នាំ២០១៨។
ភ្ញៀវទេសចរចូលលេងកាស៊ីណូមាន ចំនួន៨៥១,៩៥២នាក់ កើនឡើង៩២% ធៀបនឹងឆ្នាំ២០១៨។ ភ្ញៀវទេសចរចូលកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តមានចំនួន១,១៩៦,០៨៦នាក់ ក្នុងនោះទេសចរបរទេស៤,៩៧៤នាក់។
* ការងារអប់រំ៖ សាលារៀនទូទាំងខេត្ត ៨១៨កន្លែង កើនបាន១៥សាលា ថ្នាក់រៀន៤,៦៦៧ថ្នាក់ សិស្សសរុប១៥៦,២០០នាក់ ស្រី៧៨,១៤០នាក់ បុគ្កលិកសិក្សា៥,៨៦០នាក់ ស្រី២,៧៧៣នាក់។
* ការងារប្រមូលចំណូលជូនរដ្ឋ៖ ខេត្តមានច្រកទ្វារព្រំដែនចំនួន៣ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែន បឹងត្រកួន។ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាប្រភពចំណូលសេដ្ឋកិច្ចជាតិ ដ៏មានសារៈសំខាន់ ដែលតាមតួលេខរបស់សាខាគយ និងរដ្ឋាករ បង្ហាញពីការអនុវត្តបានតាមផែនការឆ្នាំ និងលើសផែនការឆ្នាំ៕