(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំលើកទី៤ នីតិកាលទី៦ រដ្ឋសភា ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលចំនួន២ ដូចខាងក្រោម៖
ទី១៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សេចក្ដីព្រាងច្បាប់នេះ មាន៨ជំពូក និង ២៤មាត្រា។
* លោក ហ៊ុន ណេង ប្រធានគណៈប្រគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់
* សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់
* សមាជិករដ្ឋសភា ដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្ដីព្រាងច្បាប់នេះ មាន លោកស្រី ឡោក ខេង
* អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់ទាំងមូល មានចំនួន ១១៩សំឡេង។
ទី២៖ សេចក្ដីព្រាងច្បាប់ស្ដីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។ សេចក្ដីព្រាងច្បាប់នេះ មាន ៩ជំពូក និង ៤៧មាត្រា។
* លោក ហ៊ុន ណេង ជាអ្នករាយការណ៍ជូនសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់
* សម្ដេចក្រឡាហោម ស ខេង និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់
* សមាជិករដ្ឋសភាដែលឡើងមតិ ក្នុងការពិភាក្សាសេចក្ដីព្រាងច្បាប់នេះ មានចំនួន ២រូប មានលោក ឈាង វុន និងលោក សេរី កុសល។
* សភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់ទាំងមូលមានចំនួន ១១៨សំឡេង។
របៀបវារៈនៅសល់ពីរ គឺការពិភាក្សារាំងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នឹងលើកយកទៅប្រជុំពិភាក្សា និងអនុម័ត នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះបន្តទៀត៕