(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានបញ្ជាក់ប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើឡាន Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ បើសិនជាប្រជាពលរដ្ឋរកឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបថា ផ្លាកលេខ «នគរបាល 2-7715» ជាកម្មសិទ្ធិរបស់រថយន្ដម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាន នគរបាលទេសចរណ៍។
សូមជម្រាបថា នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook មានការ Share រូបភាពឡានស៊េរីទំនើប Rolls-Royce និង Mercedes តែពាក់ផ្លាកលេខ «នគរបាល» បង្កឲ្យមានការរិះគន់៕