(បាត់ដំបង)៖ ដោយមានការអនុញ្ញាតលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាន ក.ជ.ក និងក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ (OCSE) បានចុះសួរសុខទុក្ខ និងចែកសម្ភារដល់គ្រួសារកុមារក្រីក្រ ចំនួន៧០គ្រួសារ។
គ្រួសារក្រីក្រដែលទទួលបានអំណោយពី អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មាននៅឃុំបឹងព្រីង ឃុំជ្រោយស្តៅ ស្រុកថ្មគោល និងឃុំវត្តតាមិម ស្រុកសង្កែ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង ប្រេងឆា១ដប ចំណុះ២លីត្រ មី១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ អំបិល២គីឡូក្រាម សាប៊ូម្សៅ១គីឡូក្រាម សាប៊ូ លាងដៃ៤ដុំ និងក្រម៉ា០១។
កម្មវិធីនេះមានគោលបំណងដើម្បីលើកកម្ពស់ ការទប់ស្កាត់ ការពារកុមារ និងក្រុមគ្រួសារ នៅតាមសហគមន៍ ជៀសផុតពីការឆ្លង មេរោគ COVID-19 ដែលកម្មវិធីទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការដែនដីមនុស្ស-ប្រទេសហូឡង់ និងអង្គការឆាលហ្វាន់កម្ពុជា៕