(ព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្ត ដឹកនាំដោយវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងស្នាក់ការ សន្តិសុខអាវុធហត្ថទំនប់រលក សរុបកម្លាំងចំនួន៧នាក់ បានចុះបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៩ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
ប្រតិបត្ដិការនេះ ក្រោមការបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ជាលទ្ធផល អាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ហ្វៀលម៉ាន់ ស៊ូជីតូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្នក្រុម៩ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
អាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា៣៩កញ្ចប់, ទម្ងន់៥៨,៤ក្រាម (ថ្លឹងទាំងសម្បក), ម្សៅសថ្លាប្រភេទខេ៣កញ្ចប់, ថ្នាំគ្រាប់ពណ៌មេឃ២១គ្រាប់ ទម្ងន់៥.២៥ក្រាម, ថ្នាំគ្រាប់បន្ទះ ១៧បន្ទះ ស្មើនឹង១៧៦គ្រាប់, ដបជក់១, ដែកកេះ៤, ជញ្ជីង១, ក្បាលផ្សារ១, ប្រាក់ដុល្លារ១៦៥ដុល្លារ, ខ្សៀជក់១១ និងថង់ខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត៕