(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០២នេះ បានប្រកាសពីការដាក់ដំណើរការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាស តាមប្រព័ន្ធអនឡាញ (E-Filling) ចាប់ពីថ្ងៃទី០១ ខែមិថុនាមក។
ការប្រកាសនេះធ្វើឡើងក្នុងកម្មវិធី Live ផ្ទាល់តាមរយៈ Facebook Page ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងកម្មវិធីស្តីពី «ការផ្តល់សេវាកម្មពន្ធដារតាមអនឡាញ និងបច្ចុប្បន្នភាពផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ។
លោក គង់ វិបុល បានថ្លែងថា នៅក្នុងខែមិថុនានេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យអនុវត្តន៍កម្មវិធីថ្មីមួយ គឺការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ គឺ E-Filling។ នេះជាមុំមួយក្នុងយុទ្ធសាស្រ្ដចតុកោណ ស្ដីពីការផ្ដល់សេវាដល់អ្នកជាប់ពន្ធ និងការចាត់ចែងលិខិតប្រកាស ដែលបានរៀបចំ ទៅតាមប្រព័ន្ធអនឡាញ។
លោកបានន្ថែមថា ការដាក់លិខិតបង់ពន្ធតាមប្រព័ន្ធអនឡាញនេះ ដោយមានការរៀបចំដាក់ប្រកាស លើពន្ធលើប្រាក់បៀវត្ស, ពន្ធកាត់ទុក, ពន្ធអាករលើតម្លៃបន្ថែមជាដើម។ ដូច្នេះការដាក់លិខិតប្រកាសអនឡាញនេះ គឺសរុបទាំងអស់នូវប្រភេទពន្ធទាំងឡាយណា ឬសហគ្រាសទាំងឡាយដែល បានបំពេញក្នុងទម្រង់លិខិតជារៀងរាល់ខែ ត្រូវមកដាក់លិខិតប្រកាសតាមប្រព័ន្ធថ្មីនេះ។
លោកបន្ដថា បន្ទាប់ពីដាក់ឲ្យប្រើប្រាស់កម្មវិធី E-Fillingនេះតទៅ អ្នកជាប់ពន្ធទាំងអស់ មិនតម្រូវឲ្យមកដាក់លិខិតប្រកាសនៅអង្គភាព ឬក៏រដ្ឋបាលសារពើពន្ធទៀតនោះទេ គឺគ្រាន់តែបញ្ជូលក្នុងប្រព័ន្ធ និងវាយបញ្ជូលប្រតិបត្តិការរបស់ខ្លួននីមួយៗ។ ដូច្នេះចាប់ពីខែមិថុនានេះទៅ អ្នកជាប់ពន្ធ និងសហគ្រាសទាំងអស់ អាចចូលក្នុងប្រព័ន្ធអនឡាញ ដាក់លិខិតប្រកាសបានហើយ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ទាំងនេះស្របទៅតាមកាលៈទេសៈ នៃរដូវកាលកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក ដែលមិនតម្រូវឲ្យអ្នកទាំងអស់ ត្រូវមកអង្គុយចាំ នៅអគ្គនាយកដ្ឋានពន្ធដារទេ គ្រាន់តែបញ្ជូនលិខិតប្រកាសពន្ធតាមអនឡាញ។ ដូច្នេះសហគ្រាសដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់នាយកដ្ឋានជាប់ពន្ធធំ, ជាប់ពន្ធមធ្យម នៅតាមបណ្ដាខេត្តនានា អាចវាយបញ្ជូល ទៅក្នុងប្រព័ន្ធនេះបាន។ ចំណែកឯសហគ្រាសតូច ដែលតម្រូវការឲ្យកាន់បញ្ជីធម្មតានោះ គឺអ្នកទាំងអស់គ្នាអាចវាយបញ្ជូលតាម App ដែលអគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍន៍ សម្រាប់អ្នកជាប់ពន្ធតូចតាមប្រព័ន្ធអនឡាញដូចគ្នា។
លោកឲ្យដឹងទៀតថា សម្រាប់ពន្ធធំ និងពន្ធមធ្យមតម្រូវឲ្យអ្នកជាប់ពន្ធទាំងនោះ ដាក់លិខិតប្រកាសតាមប្រព័ន្ធ E-Fillingនេះហើយ ប៉ុន្ដែបើអ្នកជាប់ពន្ធមធ្យមណា ដែលមានកម្រិត មានបញ្ហាអាចដាក់ពាក្យស្នើសុំ មកកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការសម្របសម្រួលអាចពន្យារពេល យើងមានការយោគយល់គ្នាទៅវិញទៅមក។ ដូច្នេះអ្នកជាប់ពន្ធមធ្យម នឹងអាចដាក់លិខិតប្រកាស តាមទម្រង់ធម្មតាមកដាក់ នៅសាខាពន្ធដារ ឬស្កេនឯកសារអ្នកជាប់ពន្ធបញ្ចូល តាមប្រព័ន្ធអ្នកទទួលលិខិតប្រកាសប្រចាំខែ។
លោកបានបន្ដថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនូវសិក្ខាសាលាផ្សេងៗ ដើម្បីឲ្យអ្នកជាប់ពន្ធយល់ច្បាស់ពីកម្មវិធីនេះ ព្រមទាំងមានវីដេអូផ្សេងៗ នៅក្នុងវេបសាយ និង Facebook របស់អគ្គនាយកដ្ឋានពន្ធដារពីនីតិវិធី និងការបង្រៀននូវការប្រើប្រាស់ប្រព័ន្ធនេះ។ ដូច្នេះសាធារណជនអាច ចូលទៅមើលវីដេអូទាំងនេះ ដើម្បីទទួលបានព័ត៌មានលម្អិតនានា ហើយប្រសិនបើមិនច្បាស់ត្រង់ណា សូមដាក់សំណើរមកកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបណ្ដុះបណ្ដាលនូវចំណេះដឹងផ្សេងៗផងដែរ។
លោកបានបញ្ជាក់ថា ខែមិថុនានេះ ជាខែសំខាន់ និងជាលើកទី១ ដែលអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនូវកម្មវិធី E-Filling រួចរាល់ ដែលកន្លងមកសាធារណជន តែងតែទន្ទឹងរង់ចាំ និងចង់បានដើម្បីជៀសវាងភាពស្មុគ្រស្មាញទាំងឡាយ៕