(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការ ភ្លើងស្តុបសន្ធរម៉ុកមួយរយៈ ខណៈដែលក្រុមការងារ រុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មី ដែលរងផលប៉ះពាល់ នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុកនេះ មេត្តាយោគយល់អធ្យាស្រ័យ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធរម៉ុក មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកដំណើរការភ្លើងស្តុបមួយរយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោល ភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មី ដែលរងផលប៉ះពាល់ នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ភ្លើងស្តុបថ្មី នឹងដំណើរការឡើងវិញ នៅចុងសប្តាហ៍ក្រោយ ក្នុងរយៈពេលនេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ និងអាជ្ញាធរ នឹងសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ។
បើតាមផែនការស្ពានអាកាសថ្មើរជើង នៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែ ដើម្បីស្ថាបនាឲ្យបានរួចរាល់ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយ កើតឡើងជាយថាហេតុ។
ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិសតែម្តង គឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង។
បើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះ ឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕