(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញសារលិខិតរំលែកទុក្ខចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះលោកស្រី ប្រាក់ ពៅ និងក្រុមគ្រួសារ ទ័ពមួកខៀវកម្ពុជាលោកឧត្តមសេនីយ៍ទោ ស សាវី ចំពោះការបាត់បង់ដ៏គួរឱ្យសោកស្តាយ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងបេសកកម្មអង្គការ សហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកឧត្ដមសេនីយ៍ទោ បានទៅកាន់សុគិតិភាព។
លិខិតរំលែកទុក្ខ របស់សម្តេចវិបុល សេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្រៀមក្រំជាទីបំផុត ចំពោះមរណភាព ឧត្តមសេនីយ៍ទោ ស សាវី ដែលបានទទួលមរណភាព ដោយជំងឺកូវីដ១៩ ក្នុងបុព្វហេតុបំពេញបេសកកម្មមនុស្សធម៌ អង្គការសហប្រជាជាតិ កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសម៉ាលី។
មរណភាពរបស់ ឧត្តមសេនីយ៍ទោ ស សាវី គឺជាការបាត់បង់យោធិនខ្មែរ ដ៏ឆ្នើមមួយរូបរបស់កម្ពុជា។ ឯកឧត្តម គឺជាមោទនភាពជាតិ ជាគំរូវីរភាព ដែលបានបំពេញបេសកកម្មអន្តរជាតិ និងជាការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានចំពោះជាតិមាតុភូមិ។
សូមបញ្ជាក់ថា សពលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល, ភរិយា ឈ្មោះ ប្រាក់ ពៅ អាយុ៤៩ឆ្នាំ មានកូន៣នាក់ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសម៉ាលី បន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕