(កំពង់ធំ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពី ការតាមដានគាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ កូវីដ-១៩ ស្របទៅតាមរាជរដ្ឋាភិបាលបាននិងកំពុងដាក់ឲ្យអនុវត្តនាពេលបច្ចុប្បន្ន។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពី «ការតាមដានគាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ កូវីដ-១៩» របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាស្រុកសណ្តាន់ ដោយមានការចូលរួមពីអភិបាលស្រុកសណ្តាន់ និងតំណាងសមាជិកឃុំទាំង៩ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ រួមនឹងសមាជិក សមាជិកាជាច្រើនរូប សរុបចំនួន៥៤នាក់។
លោក លេង ផាលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ បានថ្លែងឲ្យដឹងថា «ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន៤៩០ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីជាជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៥៥គ្រួសារ ក្នុងឃុំទាំង៩ ស្រុកសណ្តាន់ ខេត្តកំពង់ធំនេះ»។
លោកបន្តថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋាន នោះ។ ជាការពិតនោះក្រុមការងារទាំងអស់ បានចុះអនុវត្តនូវការងារផ្សេងៗ មុនពេលដែលរដ្ឋាភិបាល ជូនដំណឹងណែនាំស្តីពី «ការតាមដានគាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេល នៃការរីករាលដាលជំងឺ កូវីដ-១៩»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងណែនាំ ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចាត់តាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឱ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី និងសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០៕