(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់មជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត (Prince Manor Resort) លើគម្រោងរៀបចំដំណើរការនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យមានភាពល្អប្រសើរមួយកម្រិតទៀត។
សំណើនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយលោក ស៊ូ ជីស៊ីង (Xu Zhixing) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនរៀលអេស្តេតគ្រុប (Prince Real Estate Group) និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ មជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត មានទីតាំងស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ចន្លោះផ្លូវជាតិលេខ១ និងទន្លេមេគង្គក្រោម)។
លោក ស៊ូ ជីស៊ីង បានលើកឡើងថា នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះ Prince Real Estate Group ចង់បើកសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតជាផ្លូវការ ទើបមកសុំការណែនាំពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមុន។ ចំពោះលើកឡើងនេះ ត្រូវបានលោករដ្ឋមន្ត្រីបង្ហាញការពេញចិត្ត ប៉ុន្តែលោកថាខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះអាចនឹងរង់ចាំពេលវេលាសមស្របណាមួយ ដែលរាជរដ្ឋភិបាលមានការអនុញ្ញាត។
លោក ស៊ូ បានទទួលយកយោបល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរង់ចាំអនុវត្តតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថា នៅពេលសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតរួចរាល់ និងបន្ទាប់ពីទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាហើយនោះ ក្រុមហ៊ុននឹងចាប់អនុវត្តគម្រោងនាវាទេសចរណ៍នេះ នៅឆ្នាំ២០២០-២០២៣ ដោយចង់ឱ្យមានកំពង់ផែទេសចរណ៍ស្ដង់ដាមួយនៅមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតតែម្ដង។
ចំពោះគម្រោងបង្កើតឱ្យមានកំពង់ផែទេសចរណ៍នេះទៀតសោត ត្រូវបានលោករដ្ឋមន្ត្រីសម្ដែងការគាំទ្រពេញទំហឹង ហើយសន្យាថានឹងខិតខំសហការជាមួយស្ថាប័នពាក់ពាន់ ដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាលគាំទ្រដល់ការចូលចតរបស់នាវាទេសចរណ៍។
លោក ថោង ខុន បានបង្ហាញគោលបំណងចង់ឱ្យមាននាវាទេសចរណ៍ធំៗនៅរាជធានីភ្នំពេញ ដើម្បីនៅពេលមានកិច្ចប្រជុំធំៗលក្ខណៈអន្តរជាតិនានា កម្ពុជានឹងបានអញ្ជើញថ្នាក់ដឹកនាំមកពីអន្តរជាតិ និងរសម្ដេចតេជោ ហ៊ុន សែន ឡើងជិះលើនាវាទេសចរណ៍ ពិសាភោជនាហារ ទស្សនាទេសភាពល្អឯកតាមដងទន្លេមេគង្គ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យ Prince Real Estate Group សម្លឹងលើការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ក្នុងនោះក៏មានគម្រោងផែនការកសាងទីក្រុងសៀមរាបថ្មី គម្រោងទេសចរណ៍នៅខេត្តកំពង់ធំ ពិសេសជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកផងដែរ។
សូមជម្រាបថា ទន្លេមេគង្គហូរកាត់ពីតំបន់ទីបេ ប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមមានប្រវែងជាង ៤,០០០ គីឡូម៉ែត្រ ក្នុងនោះហូរកាត់ប្រទេសកម្ពុជាប្រមាណជាង ៤០០ គីឡូម៉ែត្រ ខណៈប្រជាជនប្រមាណ ៥,០០០,០០០ នាក់ក៏កំពុងទទួលផលពីទន្លេមេគង្គនេះផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងទៀតថា សក្ដានុពលធំនៅទន្លេមេគង្គមានវិស័យកសិកម្ម និងវិស័យទេសចរណ៍ ប៉ុន្តែកម្ពុជាមិនទាន់បានទាញសក្ដានុពលពីទន្លេមេគង្គបានច្រើននៅឡើយទេ ដូច្នេះហើយទើបក្រសួងទេសចរណ៍បានខិតខំជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅតាមដងទន្លេនេះ៕