(ព្រៃវែង)៖ ពិតជារឿងមួយដែលគួរឱ្យសោកស្តាយ និងមិននឹកស្មានដល់នោះឡើយ ដោយមានក្មេងតូចៗរហូតដល់៣នាក់ បានស្លាប់នៅក្រោមគំនរឥដ្ឋយ៉ាងអណោចអធ័មជាទីបំផុត ខណៈដែលកំពុងតែអង្គុយលេងក្បែរជញ្ជាំងឥដ្ឋជាន់ផ្ទាល់ដី ហើយឪពុក ម្តាយ បានឡើងទៅរៀបឥដ្ឋនៅជាន់លើស្រាប់តែជញ្ជាំងរលំសង្កត់លើស្លាប់ភ្លាមៗ តែម្តង។
ហេតុការណ៍ដ៏សែនសោកស្តាយមួយនេះ បានកើតឡើងកាលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣៖០០នាទី នៅចំណុចផ្ទះល្វែងជាន់ផ្ទាល់ដី (កំពុងសាងសង់ថ្មី) ខាងកើតវត្តឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះទាំង៣នាក់ បានដឹកដល់ស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែងព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះហើយ ដើម្បីធ្វើបុណ្យតាមប្រពៃណី ដោយមានអ្នកភូមិបានចូលរួមចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេក។
សមត្ថកិច្ចបានឱ្យថា ក្មេងរងគ្រោះទី១៖ ឈ្មោះ ឆេង ញ៉ ភេទប្រុស អាយុ៧ឆ្នាំ ទី២៖ ឆេង ចំរើន ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ម៉េង នី អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ព្រុំ ហួន អាយុ ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ជាជាងសំណង់រៀបឥដ្ឋ) និងសពក្មេងទី៣៖ ឈ្មោះ ម៉េង ទូច ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ម៉ាប់ ឡុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ ឆេង នាង អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ជាជាងសំណង់រៀបឥដ្ឋ)។
មូលហេតុដោយសារក្មេងទាំង៣នាក់ ទៅក្បែរជញ្ជាំងឥដ្ឋ នៅពេលឪពុកម្តាយរបស់ពួកគេឡើងទៅធ្វើការនៅជាន់លើ ស្រាប់តែវារលំសង្កត់ពីលើស្លាប់តែម្តង៕