(កំពង់ធំ)៖ រថយន្តដឹកស៊ីទែនប្រេងរបស់ក្រុមហ៊ុនតេលា បុកគ្នាពេញទំហឹងជាមួយរថយន្តសាំយ៉ុង ដឹកឈើ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស០២នាក់ និងខូចរថយន្ត ០២គ្រឿង។ ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ត្រង់ចំណុច មុខវត្តទួលវិហារ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកស៊ីទែនប្រេងរបស់ក្រុមហ៊ុនតេលា ម៉ាកសាកមែន (SHACMAN) ពណ៌បៃតងស ផ្លាកលេខភ្នំពេញ 3E-7334 ធ្វើដំណើរ ពីត្បូងទៅជើងអ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (រត់គេចខ្លួន) និងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខសៀមរាប 2A-7152 បើកបរដោយឈ្មោះ ចក សម្បត្តិ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិឆែប១ ឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ ធ្វើដំណើរពីជើងទៅត្បូងផ្ទុកឈើចម្រៀកពេញរថយន្ត (អ្នកបើករបួសធ្ងន់) និងអ្នករួមដំណើរជាមួយឈ្មោះ ទ្រី គីមហួយ ភេទស្រី អាយុ ៣២ឆ្នាំ នៅភូមិ/ឃុំ ជាមួយអ្នកបើកបររថយន្ត ត្រូវជាប្រពន្ធ (របួសស្រាល)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីតាំងខាងលើ រួចធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំង០២គ្រឿង យកទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ៕