(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានណែនាំឲ្យមានការចងក្រងជាក្រុម ធ្វើការតាមដានព័ត៌មានសង្គម ការទិតៀន ដើម្បីកែរលម្អ ក៏ដូចជាការវាយប្រហារលក្ខណៈទុច្ចរិត របស់ក្រុមអគតិ ដើម្បីធ្វើការបកស្រាយ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងក្នុងបូកសរុបលទ្ធផលការងារ និងកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងទិសដៅការងារបន្ត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីអគ្គស្នងការរង ប្រធាននាយកដ្ឋាន អង្គភាព និងស្នងការទាំង២៥រាជធានី-ខេត្ត។
ក្នុងកិច្ចប្រជុំខាងលើ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងដោយសង្កត់ធ្ងន់ចំណុចសំខាន់ៗ ចំនួន៥ធំរួមមាន៖
*ទី១៖ បញ្ហាស្ថានភាពសន្តិសុខក្នុងប្រទេស ដោយផ្អែកទៅលើឥទ្ធិពល ស្ថានការពិភពលោក ផ្អែកទៅលើឥទ្ធិពលការរាតត្បាតនៃជំងឺកូវីដ១៩ និងផ្អែកលើស្ថានការជាក់ស្តែងនៅក្នុងប្រទេស នាយឧត្តមសេនីយ៍ បានជំរុញឲ្យយកចិត្តទុកដាក់ពង្រឹងសភាពការណ៍សំដៅធានាសុវត្ដិភាព សន្តិសុខ ធានាមិនឲ្យមានអំពើភេរវកម្ម និងទប់ស្កាត់ឲ្យបាននៅឥទ្ធិពលការវាយប្រហាររបស់ជនអគតិដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។
*ទី២៖ ការប្រយុទ្ធប្រឆាំងបទល្មើស ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងបញ្ហាគ្រឿងញៀន ដែលធ្វើយ៉ាងណាត្រូវខិតខំប្រឹងបង្ក្រាបករណីដែលនៅសេសសល់ សំដៅធ្វើយ៉ាងណាបង្កើនភាពកក់ក្ដៅចំពោះប្រជាពលរដ្ឋ។
*ទី៣៖ ពង្រឹងការងារអន្តរាគមន៍ប្រចាំបញ្ជា ដែលជាចំណុចសំខាន់ ដែលត្រូវដោះស្រាយបញ្ហាដែលកើតមានឡើងទាន់ហេតុការណ៍ ដូចជាករណីកូវីដ១៩ ការរឹតបណ្តឹងច្បាប់ចរាចណ៍ផ្លូវគោក ការងារនេះមានលក្ខណសំខាន់ ដែលជាការងារអាទិភាព។ គ្រប់ស្នងការរាជធានី-ខេត្ត ត្រូវតែរៀបចំពង្រឹងវិន័យ មានការហ្វឹកហាត់ ត្រូវតែមានការប្រមូលផ្តុំកម្លាំង មានកន្លែងហូបចុក ស្នាក់នៅការពិនិត្យសុខភាព ការបំពាក់សម្ភារបច្ចេកទេសសម្រាប់ប្រតិបត្តិការ ដើម្បីអន្តរាគមន៍ទាន់ហេតុការណ៍។
*ទី៤៖ ការងារព្រំដែន ត្រូវបង្កើនលើការងារថែទាំកងកម្លាំង ត្រូវបង្កើនកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដៃគូជាប់ព្រំដែន សំដៅទប់ស្កាត់ រាល់បទល្មើសទាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការនាំពលករចេញខុសច្បាប់ជាដើម និងលើកទឹកចិត្តកងកម្លាំងឲ្យមានការបង្កបង្កើនផលនៅហ្នឹងកន្លែង ដើម្បីជួយលើកស្ទួយជីវភាពបងប្អូននៅតាមអង្គភាព។
*ទី៥៖ ការងារកសាងធនធានមនុស្សក៏ជាចំណុចសំខាន់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ឲ្យប្រធាននាយកដ្ឋាន-អង្គភាពទាំងអស់ នៅតាមរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព គុណភាពរបស់កងកម្លាំង ជាពិសេសការគោរពវិន័យ វត្តមាន គ្រប់គ្រងស្មារតី សតិអារម្មណ៍ ផ្សព្វផ្សាយអប់រំ និងផ្តល់ព័ត៌មានអំពីសភាពការណ៍ថ្មី ដល់បងប្អូនឲ្យបានជ្រួតជ្រាប ជៀសវាងខ្វះខាតព័ត៌មាននាំឲ្យមានអារម្មណ៍មិនហ្នឹងហ្ន និងធ្វើបច្ចុប្បន្នភាពជាក់ស្តែងទៅតាមស្ថានការណ៍។
ជំរុញឲ្យមានការបើកវគ្គបណ្តុះបណ្តាលនៅតាមអង្គភាព និងតាមផែនការដែលមានប្រចាំឆ្នាំ និងស្នើឲ្យនាយកដ្ឋានបុគ្គលិក ខិតខំវាយតម្លៃវិន័យចំពោះកងកម្លាំង ទៅតាមបទបញ្ជា០០៦ របស់កងកម្លាំងនគរបាលជាតិ ឬក៏អង្គភាពដែលមានស្នាដៃ។
ជាចុងក្រោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ចំពោះការងារដឹកនាំបញ្ជា ដែលកំណត់សិទ្ធអំណាច និងរបៀបរបបធ្វើការ ការទទួលបញ្ជាពីសេនាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គស្នងការ ទៅស្នងការដ្ឋាន ឬក៏អង្គភាពចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ៕