(ភ្នំពេញ)៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខូចគុណភាពជាង ១៣០តោន ត្រូវបានដុតបំផ្លាញចោលនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ បង្ក្រាបនាពេលកន្លងទៅ។
ពិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតពីស្ថាប័នតុលាការ និងបានគោលការណ៍ឯកភាពពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ បានឲ្យដឹងថា ទំនិញដែលបានដុតបំផ្លាញចោលនេះ រួមមាន៖ ឱសថហួសសុពលភាព មានចំនួន២២៥មុខ ស្មើនឹង៦តោន, ឱសថបូរាណសម័យចិន, អាហារបំប៉ន, គ្រឿងសំអាងក្លែងក្លាយ និងផលិតផលក្លែងក្លាយទូទៅ ផលិតផលគ្រឿងឧបភោគ បរិភោគខូចគុណភាព ហួសសុពលភាពជាច្រើនប្រភេទផ្សេងទៀត។
នាយឧត្តមសេនីយ៍ មៀច សុផាន់ បានអះអាងថា ការរៀបចំពិធីកម្ទេចនាពេលនេះ ជាសារមួយរំលឹកទៅដល់ជនខិលខូចមួយចំនួន ដែលផលិតស្ដុកទុក និងចែកចាយផលិតក្លែងក្លាយផងដែរថា ដរាបណាសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខុមាលភាពរបស់ប្រជាជន និងសុវត្ថិភាពសង្គមនេះនៅតែបន្ដ ដរាបនោះគណៈកម្មាធិការ ក៏នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោល ដោយមិនមានការលើកលែង ឬក៏បន្ធូរបន្ថយជាដាច់ខាត។
បន្ថែមពីនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មុន នឹងសម្រេចចិត្តទិញផលិតផលអ្វីមួយត្រូវ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវទិញផលិតផលដែលលក់នៅតាមហាង និងមានឈ្មោះមានម៉ាក់ត្រឹមត្រូវ ហើយចំពោះឱសថ និងគ្រឿងសម្អាងត្រូវមានបិទលេខបញ្ជិការត្រឹមត្រូវ ដើម្បីកុំឲ្យជាវចំផលិតផលក្លែងក្លាយ និងអន់គុណភាពនាំឲ្យប៉ះពាល់ដល់សុខភាពបងប្អូន ហើយចំពោះអ្នកដែលផលិត និងចែកចាយផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព និងត្រូវបញ្ជូនទៅតុលាការ ដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់។
គូសបញ្ជាក់ផងដែរកន្លងទៅ គ.ប.ផ.ក បានរៀបចំពិធីកម្ទេចចំនួន៥លើក នេះជាលើកទី៦ ដោយលើកទី១៖ ចំនួនជាង២តោន, លើកទី២៖ ជាង៨០តោន, លើកទី៣៖ ជាង១០០តោន, លើក ទី៤៖ ជាង៧០តោន, លើកទី៥៖ ជាង៨តោន និងលើទី៦ជាង១៣០តោន បានកម្ទេសទាំង៦លើកសរុបចំនួន៖ ជិត៤០០តោន៕