(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា និមិត្តសញ្ញាខេត្តពោធិ៍សាត់ (Logo) នឹងត្រូវដាក់សុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីអាចយកមកប្រើប្រាស់លើលិខិត រដ្ឋបាលជាផ្លូវការ និងអាចសាងសង់ក្លាយជាកន្លែងគោរពបូជា ដែលមានការទាក់ទាញពីភ្ញៀវទេសចរណ៍ផងដែរ។ និមិត្តសញ្ញានេះបានទទួលការពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះនៅវេទិកាសាលាខេត្ត។
ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក៏មានរបៀបវារ:សំខាន់ៗចំនួន១០ យកមកពិនិត្យ និងពិភាក្សារួមមាន៖ ទី១៖ ពិនិត្យកូរ៉ុម, ទី២៖ប្រសាសន៍បើក កិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត, ទី៣៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ទី៤៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត, ទី៥៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត, ទី៦៖ ពិនិត្យ និងអនុម័តនិមិត្តសញ្ញារបស់ខេត្តពោធិ៍សាត់, ទី៧៖ ពិនិត្យ និងអនុម័តស្ថាបនាស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥, ទី៨៖ពិភាក្សាការដាំ ដើមឈើនៅផ្លូវវៀងក្រុងពោធិ៍សាត់, ទី៩៖ ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និង១០៖ បញ្ហាផ្សេងៗ។
បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ «ទឹក ដី មនុស្ស និងប្រវត្តិសាស្រ្ត» បានបង្ហាញពីប្រភពធនធានធម្មជាតិ ដ៏សម្បូរបែបក្នុងការអភិវឌ្ឍ ដែលផ្តើមចេញពីភាព ឧស្សាហ៍ព្យាយាម របស់ប្រជាពលរដ្ឋ លើទឹកដីដ៏អំណោយផលនេះ ទើបយើងអាចកំណត់បានជានិមិត្តសញ្ញាសម្គាល់ខេត្ត ដូចខាងក្រោម៖
*ទី១៖ រូបមនុស្សជិះសេះស្ពាយដាវ តំណាងឱ្យវីរភាពដ៏អង់អាចក្លាហានរបស់ឧកញ៉ាពញាសួគ៌ា លោកតា ឃ្លាំង មឿង រួមទាំងក្រុមគ្រួសាររបស់លោក ដែលសុខចិត្ត លះបង់ធ្វើពលីកម្មបូជានូវអាយុជីវិត ឥតស្តាយស្រណោះដើម្បីបុព្វហេតុជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និងជាគំរូដ៏ល្អមួយសម្រាប់ដល់មនុស្សជំនាន់ក្រោយ ឱ្យខិតខំការពារកសាងជាតិមាតុភូមិឱ្យបានគង់វង្ស និងរុងរឿង។
*ទី២៖ រូបតំបន់ជួរភ្នំក្រវាញ (ផ្ទៃខាងក្រោយរូបសេះ) ភ្នំក្រវាញជាឈ្មោះភ្នំមួយនៅក្នុងខេត្តពោធិ៍សាត់ សម្បូរទៅដោយធនធានរ៉ែធម្មជាតិ អនុផលព្រៃឈើ រុក្ខជាតិជា ឱសថបុរាណ និងជាជម្រកនៃសត្វព្រៃគ្រប់ប្រភេទ។ ជួរភ្នំក្រវាញ គឺជាប្រភពនៃទឹកសម្រាប់ការងារកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ព្រមទាំងជាប្រភពថាមពលវារីអគ្គិសនី និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែបដ៏មានសក្ដានុពលនៃខេត្ត។
*ទី៣៖ រូបដីឬផែនថ្ម ដែលសេះឈរពីលើតំណាងឱ្យធនធានរ៉ែធម្មជាតិ ដ៏សម្បូរបែបរបស់ខេត្តដូចជា ប្រភពរ៉ែថ្មកែវ ដែលជាថ្មមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា ជាថ្មដែលគេយកទៅច្នៃជាផលិតផលសិល្បៈសូនរូបផ្សេងៗ។
*ទី៤៖ ដើមពោធិ៍ និងក្រូចពោធិ៍សាត់៖ ដើមពោធិ៍ គឺតំណាងឱ្យប្រវត្តិនៃឈ្មោះរបស់ខេត្តពោធិ៍សាត់ ដែលមកពីពាក្យដើមគឺ (ពោធិ៍-រសាត់) មានចំនួន ១២សន្លឹក តំណាងឱ្យគុណអ្នកម្តាយ។ ក្រូចពោធិ៍សាត់តំណាងឱ្យផលានុផលផ្លែឈើដែលត្រូវបានដាំ ក្នុងសម័យអាណានិគមនិយមបារាំង ក្នុងភូមិដប់បាត ស្រុកបាកាន ខេត្តពោធិ៍សាត់ ដំបូងគេនៅកម្ពុជា ដោយស្ថានីយស្រាវជ្រាវដើមក្រូចមុនឆ្នាំ១៨៦៣ ហើយមានចំនួន ២១ផ្លែ តំណាងឱ្យគុណលោកឪពុក។
*ទី៥៖ ផ្ទៃទឹក និងត្រី តំណាងឱ្យបឹងទន្លេសាបដែលជាអាងស្តុកទឹកដ៏សំខាន់ និងជាដែនជម្រកមច្ឆាជាតិគ្រប់ប្រភេទ ដែនជម្រកជីវៈចម្រុះ និងសម្រាប់បម្រើ ឱ្យតម្រូវការ ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។
*ទី៦៖ រូបគួរស្រូវក្រងជារង្វង់ស្នែងក្របី បង្ហាញអំពីភាពសម្បូរបែបនៃដំណាំស្រូវ ដែលលាតសន្ធឹងលើផ្ទៃដីកសិកម្មដ៏ធំទូលាយ ជាគ្រឹះរឹងមាំសម្រាប់ខឿនសេដ្ឋកិច្ចជាតិ។
*ទី៧៖ បូ (ពណ៌ក្រហម ខៀវ និងបៃតង) តំណាងឱ្យជាតិដែលប្រជាពលរដ្ឋទាំងមូលនៅក្នុងខេត្តពោធិ៍សាត់ នាំគ្នាស្តារ និងលើកស្ទួយក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
*ទី៨៖ អក្សរ «ខេត្តពោធិ៍សាត់» បញ្ជាក់ថាប្រជាជនខេត្តពោធិ៍សាត់ គោរពយ៉ាងខ្ជាប់ខ្ជួន និងបំពេញភារកិច្ចជូនជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល កម្ពុជា ដោយជ្រកក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
*ទី៩៖ ក្រវាញ គឺជារុក្ខជាតិផ្តល់នូវដើម ផ្កា និងផ្លែ សម្រាប់ប្រើប្រាស់ជាអាហារ និងឱសថមានឈ្មោះល្បីល្បាញជាយូរលង់ណាស់មកហើយ ជាមួយឈ្មោះជួរភ្នំក្រវាញ និងរបាំបេះក្រវាញ៕