(ភ្នំពេញ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា ដើម្បីការពារ និងទប់ស្កាត់ជំងឺ COVID-19 រដ្ឋាភិបាលថៃមិនទាន់អនុញ្ញាតឲ្យ បើកទ្វារព្រំដែន នៅច្រកអន្ដរជាតិប៉ោយប៉ែតដែលឈមជាមួយប្រទេសកម្ពុជានោះទេ ដូច្នេះហើយអាជ្ញាធរកម្ពុជា ត្រូវបង្ខំចិត្តមិនអនុញ្ញាតឲ្យ អ្នករុញរទេះដឹកទំនិញ និងអាជីវករលក់ដូរ នៅផ្សាររុងក្លឿចេញចូលនោះទេ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក អ៊ុំ រាត្រី បានអះអាងថា បើទោះបីមិនអនុញ្ញាតឲ្យមនុស្សចេញចូលក៏ពិតមែន ប៉ុន្ដែអាជ្ញាធរកម្ពុជា-ថៃ បាន ឯកភាពអនុញ្ញាតឲ្យរថយន្ដដឹកទំនិញធុនធំ ចេញចូលធម្មតា ប៉ុន្ដែត្រូវមានការពិនិត្យសុខាភាពយ៉ាងឌិតដល់ ហើយឲ្យមនុស្សត្រឹមតែ២នាក់ប៉ុណ្ណោះក្នុងរថយន្ដ។
លោក អ៊ុំ រាត្រី បានថ្លែងយ៉ាងដូច្នេះថា «មកដល់ម៉ោងនេះថៃប្រកាសបិទ ដោយសារបញ្ហាជំងឺកូវីដ មិនឲ្យមនុស្សចេញចូលប្រទេសគេទេ ហើយថៃក៏មានជំងឺកូវីដខ្លាំងជាងយើង។ គេមិនអនុញ្ញាតឲ្យមនុស្សចេញចូលនោះទេ យើងបានព្យាយាមទៅជួបប្រជុំផ្ទាល់ជាមួយអភិបាលខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសំណូមពរ ដែលនេះជាការហាមឃាត់របស់ភាគីថៃ»។
អភិបាលខេត្តបន្ទាយមានជ័យរូបនេះ បានគូសបញ្ជាក់ទៀតថា កន្លងទៅរដ្ឋបាលខេត្ត បានអន្ដរាគមន៍ទៅខេត្តស្រះកែវ ដើម្បីសុំសម្របសម្រួលមិនយក កម្រៃឈ្នួលតូបពីបងប្អូនអាជីវករ និងសុំសម្រួលឲ្យបងប្អូនអាជីវករកម្ពុជាទាំងអស់ ក្នុងផ្សាររុងក្លឿបានចេញចូលទៅមើលតូបរបស់ខ្លួនមួយលើក ចំនួន២០នាក់ រហូតដល់ស្ថានភាពវិលមកជាប្រក្រតីវិញ។
ប៉ុន្ដែសំណូមពរនេះ ត្រូវបានភាគីថៃឆ្លើយតបថា នឹងជួយសម្រួលមិនយកកម្រៃឈ្នួលតូបពីបងប្អូនអាជីវករកម្ពុជា ប៉ុន្ដែចំពោះសំណើសុំសម្រួលឲ្យបងប្អូន អាជីវករកម្ពុជាទាំងអស់ ក្នុងផ្សាររុងក្លឿបានចេញចូលទៅមើលតូបរបស់ខ្លួនក្នុងមួយលើក ២០នាក់ ភាគីថៃមិនឯកភាបនោះទេ។
គួរជម្រាបថា កាលពីពេលកន្លងទៅ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានចេញលិខិតបដិសេធ ដោយមិនអនុញ្ញាតឲ្យអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររុងក្លឿ ធ្វើបាតុកម្មទាមទារ បើកច្រកព្រំដែនប៉ោយប៉ែតនោះឡើយ ដោយមូលហេតុដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ការបដិសេធនេះបានធ្វើឡើងតបនឹងការស្នើសូមរបស់ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានជូនដំណឹងពីការប៉ងប្រមូលផ្តុំអាជីវករ អ្នកលក់ដូរទំនិញ នៅក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ រួមទាំងកម្មករអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នករត់ម៉ូតូកង់បី និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ប្រមាណ១៥០០នាក់ គ្រោងនឹងជួបជុំធ្វើបាតុកម្មនៅចំណុច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី០១-០៧ ខែមិថុនា ឆ្នាំ២០២០៕