(បាត់ដំបង)៖ គណ:បញ្ជាការរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ និងផ្សព្វផ្សាយសេចក្តីជូនដំណឹង ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើរសុំជួយអន្តរាគមន៍ការទប់ស្កាត់ និងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិគីមីពុល ពីបរទេសចូលមកស្រុកខ្មែរ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមវត្តមានលោក ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានចូលរួមពីថ្នាក់អភិបាលរងខេត្ត ថ្នាក់មេបញ្ជាការ យោធភូមិភាគទី៥ ថ្នាក់តំបន់ប្រតិបត្តិការសឹករងក្រុង-ស្រុកខេត្ត មេបញ្ជាការ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាល ខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការ និងមន្រ្តីពាក់ព័ន្ធចូលរួមជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ងួន រតនៈ បានអនុញ្ញាតឱ្យប្រធានអង្គភាពនីមួយៗ បានឡើងរាយការណ៍ពីបញ្ហា ដែលកើតមានឡើងតាមជំនាញរបស់ខ្លួន ក្នុងនោះ លោកបានសង្កត់ធ្ងន់អំពីការឆ្លងដែន របស់ប្រជាពលរដ្ឋឆ្លងដែន ដោយខុសច្បាប់ នៅតាមច្រករបៀងនានាព្រំដែនកម្ពុជា-ថៃ កន្លងមកនៅតែមានបន្ត ពិសេសបទល្មើស គ្រប់ប្រភេទ សូមឲ្យមានការងារបង្រ្កាបបានទាន់ពេលវេលា។
នៅក្នុងកិច្ចប្រជុំនេះដែរ សមត្ថកិច្ចពាក់ព័ន្ធបានបង្ហាញ ពីការលំបាកមួយចំនួន របស់អង្គភាពខ្លួនទទួលខុសត្រូវ និងបានលើកឡើងពីលទ្ធផលការងារ សម្រេចបានកន្លងមក និងដើម្បីជូនថ្នាក់នាំឲ្យជួយធ្វើការដោះស្រាយ។
លោក ងួន រតនៈ បានបញ្ជាក់ដែរថា បន្ទាប់ពីបានស្តាប់របាយការណ៍ របស់អង្គភាពនានារួច និងបានធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹង ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើរសុំជួយអន្តរាគមន៍ការទប់ស្កាត់ និងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើ មានជាតិគីមីពុលពីបរទេស ចូលមកកម្ពុជា បានផ្អែកតាមអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតមកក្រសួងមហាផ្ទៃពាក់ព័ន្ធករណីនេះ ក្រសួងមហាផ្ទៃ បានស្នើដល់រដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ច ប្រចាំច្រកទ្វារព្រំដែនទាំងអស់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវពង្រឹងការត្រួតពិនិត្យបន្ថែមទៀត ដើម្បីទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិពុល និងទំនិញខូចគុណភាពសំដៅការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋជាធំ។
លោក ងួន រតនៈ បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តបានពិភាក្សាគ្នា និងរកវិធីសាស្រ្តធ្វើការដោះស្រាយបញ្ហានានា ពិសេសការងារកំណត់អត្តសញ្ញាណកម្មលើជនក្រីក្រ នៅតាមមូលដ្ឋាននានា ឲ្យបានច្បាស់លាស់ និងចំគោលដៅខណ:ជម្ងឺឆ្លងCOVID-19 កំពុងវាយលុកខ្លាំងនៅលើពិភពលោក ដែលធ្វើឲ្យមានការប៉ះពាល់ដល់កម្ពុជាដែរ ពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយមន្ទីរជំនាញទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានជោគជ័យ ព្រមទាំងលើកទិសដៅអនុវត្តដោះស្រាយបន្តផងដែរ។
លោកអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការបូកសរុបក្នុងកិច្ចប្រជុំនេះដោយរំលឹក និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្សេងទៀត ត្រូវសហការគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព រក្សាការពារសន្តិសុខ និងការងារផ្សេងៗទៀត ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបានរស់នៅដោយបានសុខសុវត្ថិភាព ដល់ពួកគាត់ផងដែរ៕