(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ម្ចាស់រថយន្តម៉ាក Rolls-Royce និង Mercedes ដែលពាក់ផ្លាកលេខ «នគរបាល 2-7715» ក្លែងក្លាយ ដើម្បីយកផ្តន្ទាទោសតាមច្បាប់។ នេះបើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ចំណាត់ការរបស់ អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់សាធារណជនជាច្រើន នៅលើបណ្តាញសង្គម Facebook ចំពោះរថយន្តស៊េរីទំនើបម៉ាក Rolls-Royce និង Mercedes ដែលពាក់ស្លាក «នគរបាល 2-7715» ហើយបើកបរយ៉ាងសង្ហារនៅតាមដងផ្លូវ ដែលធ្វើឱ្យមហាជនវាយតម្លៃមិនល្អ ចំពោះអង្គភាពនគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដើម្បីទប់ស្កាត់ និងចៀសវាងការភាន់ច្រឡំពីសាធារណជន និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសខាងនេះ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់ចេញបទបញ្ជាដល់សមត្ថកិច្ចស្រាវជ្រាវរកឱ្យឃើញនូវរថយន្តទាំង ២គ្រឿងនេះ និងឃាត់ទាំងម្ចាស់រថយន្ត ដើម្បីអនុវត្តទៅតាមនីតិវិធី»។
ជាមួយគ្នានេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមផ្តល់កិច្ចសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ហើយប្រសិនបើឃើញរថយន្តទាំង ២គ្រឿងនេះ គឺត្រូវជូនដំណឹងដល់សមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ, រថយន្តស៊េរីទំនើបទាំង២គ្រឿងនេះ បានពាក់ស្លាកលេខក្លែងក្លាយប៉ុណ្ណោះ ព្រោះស្លាកលេខ «នគរបាល 2-7715» នេះ គឺស្លាកលេខដែលបានបំពាក់ទៅលើរថយន្ត១គ្រឿង ដែលជាកម្មសិទ្ធិរបស់នាយកដ្ឋាននគរបាលទេសចរណ៍។ ករណីរថយន្តទំនើប ២គ្រឿងនេះ បានធ្វើឱ្យមានការវាយតម្លៃខុសៗគ្នាពីសាធារណជន ជាពិសេសធ្វើឱ្យខូចកិត្តិយសដល់អង្គភាពនគរបាលជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមទៀតថា ជាគោលការណ៍ សម្តេចក្រឡាហោម ស ខេង ឧបនាយលរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ពុំអនុញ្ញាតឱ្យបំពាក់ស្លាកលេខ នគរបាល លើរថយន្តឯកជននោះឡើយ ពោលគឺស្លាកលេខនគរបាលអាចបំពាក់តែលើរថយន្តដឹកកងកម្លាំង ដែលមានសញ្ញាឡូហ្គោល នគរបាលជាតិ និងរថយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ហើយរថយន្តទាំងអស់នោះសុទ្ធតែបានចុះបញ្ជីជាសម្បត្តិរបស់រដ្ឋត្រឹមត្រូវ។
លោកបានបញ្ជាក់បន្ថែមទៀតថា កន្លងមកងកម្លាំងនគរបាកលជាតិ មិនមែនមានរថយន្តប្រណិតទាំង ២គ្រឿងនោះទេ ហើយក៏មិនដែលឃើញរថយន្តទាំង២គ្រឿងនេះ បានចុះបញ្ជីជាសម្បត្តិរបស់អគ្គស្នងការនគរបាលជាតិនោះដែរ៕