(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាទើបតែងតាំងថ្មីប្រចំាប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ នៅវិមានព្រឹទ្ធសភា មុននឹងពួកគេចេញដំណើរទៅបំពេញភារកិច្ច។
សមាសភាពឯកអគ្គរាជទូតថ្មីទាំង០៩រូប រួមមាន៖ លោក កាន់ ផារិទ្ឌ ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស លោក តាន់ វុដ្ឋា ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊ែប៊ី លោក មាស គឹមហេង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋតួកគី លោក កេត សោផាន់ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋបារាំង លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកស្រី ផែន សាវនី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោក សុខ ខឿន ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសិង្ហបុរី។
នៅក្នុងឱកាសនោះ លោក កាន់ ផារិទ្ឌ តំណាងឯកអគ្គរាជទូតទំាងអស់បានប្តេជ្ញាចិត្តនៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំប្រឹងប្រែងបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ បំពេញការងារការទូតដើម្បីពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគី ពហុភាគី ជំរុញការងារការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាតិខ្មែរ ដែលជាកិច្ចការមួយថ្មីដើម្បីផ្សព្វផ្សាយអំពីការរីកចម្រើន សក្តានុពលនៃវប្បធម៌ ប្រពៃណីជាតិដ៏ថ្លៃថ្លាដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ការពារបូរណភាពទឹកដី ការពារឯករាជ្យភាព ពន្យល់អំពីឆន្ទៈល្អបរិសុទ្ធ និងសភាពការណ៍ពិត នៃព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍នៃប្រជាពលរដ្ឋខ្មែរ រួមទាំងពលករដែលកំពុងធ្វើការនៅក្រៅប្រទេស។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរចំពោះលោក លោកស្រីទាំង០៩រូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង០៩ ដែលនេះជាកិត្តិយសសម្រាប់ផ្ទាល់ខ្លួន សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។ ក្នុងអាណត្តិបំពេញបេសកកម្មការទូតនេះសម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើចំពោះលោក លោកស្រីទាំង០៩រូប ត្រូវយកចិត្តទុកដាក់ដូចតទៅ៖
* ត្រូវក្តាប់ឱ្យជាប់នូវនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ហើយចាត់តាំងអនុវត្តឱ្យបានដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។
* សូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសសាមីដែលលោក លោកស្រីធ្វើជាឯកអគ្គរាជទូត។
* ក្តាប់ជាប់គ្រប់សភាពការណ៍របស់ប្រទេសជាតិយើង ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមានការពាក់ព័ន្ធនឹងប្រទេសជាតិយើង សំដៅ និងបង្កលក្ខណងាយស្រួលសម្រាប់យើងក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេសដែលលោក លោកស្រីធ្វើជាឯកអគ្គរាជទូត ។
* សូមយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើងនៅប្រទេសដែលលោក លោកស្រីធ្វើជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់នោះមកដល់ប្រទេសជាតិយើងវិញ ដើម្បីជ្រាប់រឺក៏ដើម្បីយើងមានគោលការណ៍ និងវិធានការជាការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសទាំងអស់នោះ។
* សូមខិតខំប្រឹងប្រែងឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស ។ល។ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាគុណប្រយោជន៍ប្រទេសកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះ សូមលោក លោកស្រី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើនយោបាយការទូតជាមួយបណ្តាប្រទេសទាំងអស់ទាំងក្រខណ្ឌទ្វេភាគី ទាំងពហុភាគី ព្រមទាំងជាមួយស្ថាប័នអន្តរជាតិនានា ត្រូវគិតគូរពិចារណាឱ្យបានម៉ត់ចត់ ជាពិសេសមុនធ្វើអ្វីមួយ ត្រូវមានការរាយការណ៍សុំយោបល់ណែនាំពីក្រសួងអាណាព្យាបាល រឺពីរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។
ក្នុងនាមឯកអគ្គរាជទូតទាំងអស់ លោក កាន់ ផារិទ្ឌ បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញជំនួយនៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរឱ្យមកកម្ពុជាកាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕