(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្តែងសោកស្ដាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មានរបស់ លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ នៅក្នុងបណ្ដាប្រទេសអាស៊ី ប៉ាស៊ីហ្វិកមួយចំនួន រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងអំឡុងវិបត្តិកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ដោយរបាយការណ៍របស់លោកស្រី ទទួលបានពីប្រភពព័ត៌មានដែលមិនមានការផ្ទៀងផ្ទាត់ និងជ្រើសរើសតែមួយជ្រុង ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបំភ្លឺ៦ចំណុច អំពីអង្គហេតុនិងច្បាប់ ដូចតទៅ៖
១៖ មេរោគកូវីដ១៩ គឺជាជំងឺដ៏កាចសាហាវមួយ ប៉ុន្តែ ព័ត៌មានក្លែងក្លាយនិងការក្លែងព័ត៌មាន ក៏កាចសាហាវមិនចាញ់មេរោគនេះដែរ។ គេមិនអាចប្រកែកបានទេថា ព័ត៌មានក្លែងក្លាយ និងការក្លែងព័ត៌មាន អាចនាំឱ្យមានការភ័យខ្លាច ការភ័យស្លន់ស្លា ការបាត់បង់សណ្ដាប់ ធ្លាប់ក្នុងសង្គម និងការបាត់បង់ទំនុកចិត្តជាសាធារណៈចំពោះខ្លួនឯង និងប្រទេសជាតិ។
២៖ ប្រទេសកម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការគាំទ្រ ការពារ និងលើកកម្ពស់សេរីភាព បញ្ចេញមតិ និងសារព័ត៌មាន ធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ដែល ធានាពីឯករាជ្យភាពរបស់សារព័ត៌មាន ដោយពុំមានការត្រួតពិនិត្យជាមុន និងសិទ្ធិរក្សាការ សម្ងាត់នៃប្រភពព័ត៌មាន។ ប៉ុន្តែ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា មាត្រា២៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា១៩ នៃកតិកាសញ្ញា អន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ បានសង្កត់ធ្ងន់ថា ការអនុវត្តសិទ្ធិត្រូវភ្ជាប់មកជា មួយនូវករណីយកិច្ចការទទួលខុសត្រូវពិសេស និងដែនកំណត់ ដែលមានចែងក្នុងច្បាប់ ដើម្បីការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុខភាពឬសីលធម៌សាធារណៈ។
៣៖ វិធានការស្របច្បាប់ប្រឆាំងនឹងទង្វើបំពានផ្សេងៗ ដែលមានចែងក្នុងច្បាប់ជាធរមាន គឺ សំខាន់ចាំបាច់ណាស់ ដើម្បីការពារសិទ្ធិពលរដ្ឋគ្រប់រូប ឱ្យរស់រានមានជីវិត ដោយគ្មានការ ភ័យខ្លាច ការស្អប់ខ្ពើម និងការរើសអើង។ មតិរបស់ពលរដ្ឋដែលគោរពច្បាប់ត្រូវតែទទួល បានការយកចិត្តទុកដាក់និងកិច្ចគាំពារ។ ហេតុដូច្នេះ វិធានការដាក់ចេញកន្លងមក មិនគួរ ត្រូវបានបកស្រាយថា ជាការបង្ក្រាបលើសេរីភាពបញ្ចេញមតិ និងសារព័ត៌មាន នោះទេ។
៤៖ ការថ្លែងសារនយោបាយនិងការធ្វើអត្ថាធិប្បាយលើកិច្ចការសាធារណៈ ដោយការជេរប្រមាថ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋការអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលដែល កើតចេញពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងការផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយដោយចេតនាឬអចេតនា ពុំមានតម្លៃស្មើនឹងសេរីភាពនៃការបញ្ចេញមតិ និងការ និយាយស្របច្បាប់នោះឡើយ។ បើបណ្ដោយឱ្យទង្វើទាំងនោះកើតមានឡើងដោយពុំបាន ត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ វានឹងបង្កផលវិបាកធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់នីតិរដ្ឋ សិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យ ភ្លាមៗ និងជារៀងរហូត។
៥៖ ប្រទេសកម្ពុជាពុំអនុញ្ញាតឱ្យមានការចាប់ខ្លួននិងការឃុំឃាំងតាមទំនើងចិត្តឡើយ។ មន្ត្រី អនុវត្តច្បាប់រូបណាដែលប្រព្រឹត្តមិនត្រឹមត្រូវនិងបំពានច្បាប់នឹងត្រូវតែទទួលទោស។ មាន ឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌលើមន្ត្រីប្រព្រឹត្តខុស នាពេលកន្លងមក។ នៅ ប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរស្មើភាពគ្នាចំពោះមុខច្បាប់ ដោយពុំប្រកាន់និន្នាការ នយោបាយ មុខងារ ឬឋានៈសង្គម ដូចដែលមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ហើយ ការចូលរួមជាមួយគណបក្សប្រឆាំងពុំមែនជាសិទ្ធិសម្រាប់ឱ្យបុគ្គលម្នាក់បំពានច្បាប់ដោយ និទណ្ឌភាព នោះទេ។
៦៖ សេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ អះអាងថា សិទ្ធិគ្រប់ប្រភេទទាំងអស់ គឺមិន អាចផ្ដាច់ចេញពីគ្នា ត្រូវផ្សារភ្ជាប់គ្នា ពឹងផ្អែកគ្នា និងពង្រឹងគ្នាទៅវិញទៅមក ហើយត្រូវយក មកអនុវត្តដោយយុត្តិធម៌ និងស្មើភាពគ្នា ឈរលើជំហរតែមួយ និងផ្តល់សារៈសំខាន់ដូចគ្នា។ ប៉ុន្តែ គួរឱ្យសោកស្ដាយយ៉ាងខ្លាំង នៅខណៈពេលដែលមានការគំរាមកំហែងដល់សុខភាព បង្កឡើងដោយមេរោគកូវីដ១៩ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការសង្គ្រោះជីវិតសំខាន់ ជាងពេលណាៗទាំងអស់ បែរជា ឧត្តមស្នងការសិទ្ធិមនុស្ស បានផ្តល់ភាពសំខាន់លើសលុប ដល់សិទ្ធិជាក់លាក់មួយជាជាងសិទ្ធិដទៃទៀត និងមិនបានរាយការណ៍ឱ្យបានពេញលេញពី កាយវិការមនុស្សធម៌និងមេត្តាធម៌ សាមគ្គីភាពអន្តរជាតិ និងប្រសិទ្ធភាពនៃសេវាសុខាភិបាល របស់កម្ពុជា ដែលបានធានានូវសិទ្ធិមានជីវិត រស់រាន និងសុខភាពរបស់អ្នកដំណើរលើនាវា ទេសចរណ៍ Westerdam ជាង២.២០០ នាក់ និងអ្នកជំងឺឆ្លងកូដ១៩ ចំនួន១២៥នាក់ (ទាំងពលរដ្ឋខ្មែរនិងជនបរទេស) នៅកម្ពុជា ដែលបានទទួលការព្យាបាលជាសះចំនួន ៩៨,៨% និងពុំមានអត្រាមរណៈ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ទទូចឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងការិយាល័យរបស់លោកស្រី ប្រចាំប្រទេសកម្ពុជា ជៀសវាងការពឹង ផ្អែកលើប្រព័ន្ធផ្សព្វផ្សាយនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច មកធ្វើជាប្រភពព័ត៌មានតែមួយជ្រុង ប៉ុន្តែត្រូវផ្តល់តម្លៃដល់ការទាក់ទងពិតប្រាកដ ជាមួយរដ្ឋជាសមាជិក ដើម្បីទទួលបានព័ត៌មានដែលមាន ការផ្ទៀងផ្ទាត់ច្បាស់លាស់។ វាមានក៏សារៈសំខាន់ដូចគ្នា ក្នុងការធានាកត្តាសត្យានុម័ត ការមិនរើសអើង ការមិនជ្រើសរើសតែមួយជ្រុង និងការមិនធ្វើនយោបាយភាវូបនីយកម្ម នៅពេលពិចារណា និងពិភាក្សា អំពីស្ថានភាពសិទ្ធិមនុស្ស៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖