(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការមួយចំនួន ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូត។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកិច្ចសហការលើការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍។
យោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងទៀតថា នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងមក ដោយរួមបញ្ចូលការអភិវឌ្ឍធនធានមនុស្ស ការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខសង្គម។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងនូវក្តីបារម្ភចំពោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid19 ទាំងលើវិស័យសេដ្ឋកិច្ច ទាំងលើវិស័យសង្គមកិច្ច ហើយថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានបង្ហាញនូវការយកទឹកចិត្តក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ៕