(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន និងអាស៊ានបូក៣ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានជួបប្រជុំគ្នាតាមរយៈប្រព័ន្ធវីដេអូ ដើម្បីរិះរកវិធីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជួបវិបត្តិយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយជំងឺកូវីដ១៩។
កិច្ចប្រជុំនេះដឹកនាំដោយលោក ត្រាន់ ទាន់ អាន់ (Tran Tuan Anh) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ និងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជប៉ុន ចិន កូរ៉េខាងត្បូង និងអគ្គលេខាធិការអាស៊ានផងដែរ។
សម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានកត់សម្គាល់ និងពិភាក្សាលើសំណើក្នុងការបង្កើតគណៈកម្មការពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ និងពិភាក្សាលើការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ១៩។
ដោយឡែកកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីវិញ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបីបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩។
ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ទាំងពីរនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចសម្រាប់អាស៊ាននោះ បានចែករំលែក និងផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកអាស៊ាន ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រើប្រាស់ឧស្សហកម្ម៤.០ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការឆ្លើយតបដ៏រហ័ស និងស្របគ្នា និងកិច្ចសហការគ្នាតាមរយៈយន្តការអាស៊ានបូកបី ដែលមានស្រាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ចិន ជប៉ុន កូរ៉េខាងត្បូង ដែលបានជួយកម្ពុជាក្នុងការទប់ទល់នឹងកូវីដ១៩ តាមរយៈជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងគ្រូពេទ្យជាដើម៕