(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះអញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។
អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អាគារជាង៥០,០០០ម៉ែត្រក្រឡា។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។
អគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សាងសង់ជិតរួចរាល់ទាំងស្រុងហើយប្រមាណ៩៥%។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាតនៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា។ ចាប់តាំងពីចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។
ចាប់តាំងពីពេលវាយផ្តួលរំលំរបបប្រល័យពូជសាសន៍មក គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធម្មពោធិ៍សាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនោះ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
បន្ថែមពីលើនោះគណបក្សប្រជាជនកម្ពុជា បានធ្វើជាកម្លាំងស្នូលក្នុងការដំណើរការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយបញ្ហាកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាកម្លាំងបង្អែកដែលមិនអាចខ្វះបានក្នុងការអនុវត្តដោយជោគជ័យនូវកិច្ចព្រមព្រៀង ឈានទៅការបង្កើតរបបរាជានិយមថ្មី។
របបរាជានិយមទី២ ដែលដឹកនាំដោយរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបង្រួបបង្រួមជាតិ ដឹកនាំស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញពីលេខសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានស្ថិរភាពជាជំហានៗ ដែលបានបង្កបុព្វបទជាមូលដ្ឋានសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនគួរជាទីមោទនភាពមកដល់បច្ចុប្បន្ននេះ។
អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាដែលរំលេចខ្លួនកណ្តាលរាជធានីភ្នំពេញ ជាការឆ្លុះបង្ហាញឱ្យឃើញពីអានុភាព ក៏ដូចជាភាពមហស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗគួរជាទីមោទនភាពជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
វត្តមានអគារដ៏ស្កឹមស្កៃនៃអគារក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល៕