(ភ្នំពេញ)៖ «សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ» ត្រូវបានរដ្ឋសភាអនុម័ត ដោយសំឡេង ១០៨ លើ១១១។
ការអនុម័តសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១១១រូប នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។
«សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ» មាន ៦ជំពូក និង ៤៤មាត្រា ដែលមានលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
«សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ» មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
ក្នុងក្របខណ្ឌនៃកិច្ច ឲសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, ព្រះរាជាណាចក្រកម្ពុជាបានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹងការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។
ចំពោះការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់កន្លងមក ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាពហុភាគីមួយក្នុងក្របខណ្ឌអាស៊ានគឺ «សន្ធិសញ្ញាអាស៊ានស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ» ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយនឹងប្រទេសចំនួន ០៤រួមមាន៖ សាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធរុស្សី ដែលក្នុងនោះសន្ធិសញ្ញាមួយចំនួនត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិសញ្ញាមួយចំនួនទៀត កំពុងស្ថិតក្នុងនីតិវិធី។
ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលនូវសំណើសុំជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ពីបណ្ដាប្រទេសជាច្រើន ដែលមានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ជាមួយព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែដោយឈរលើគោលការណ៍បដិការ ព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមផ្តល់ជំនួយ ស្របតាមសំណើទាំងអស់នេះ ព្រោះនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងបទល្មើសព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្មព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទោះបីជាព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដល់ប្រទេសជាច្រើន រួមទាំងប្រទេសដែលមានសន្ធិសញ្ញា ជាមួយកម្ពុជា និងទាំងប្រទេសដែលពុំមានសន្ធិសញ្ញាជាមួយកម្ពុជា នាពេលកន្លងមកក៏ពិតមែន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ផ្ទៃក្នុង មួយច្បាស់លាស់ ដើម្បីធានាដល់ការអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌនៅឡើយទេ។
សេចក្តីព្រាងច្បាប់នេះ គឺជាការចាំបាច់ដែលមិនត្រឹមតែបង្កើត ឱ្យមាននីតិវិធីផ្ទៃក្នុង មួយច្បាស់លាស់ បំពេញបន្ថែម ឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមកទៀតផងដែរ។
គោលបំណងច្បាប់នេះកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះ៖
* ការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
* ការស្វែងរកការជួយផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ពីរដ្ឋទទួលសំណើទាំងអស់ ទោះបីរដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ច្បាប់នេះមិនមានវិសាលភាពអនុវត្ត ចំពោះការជួយទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដែលធ្វើឡើងស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគី ដែលបានទទួលសច្ចាប័នពីព្រះរាជាណាចក្រកម្ពុជា។
នីតិវិធីផ្ទៃក្នុងសម្រាប់អនុវត្តន៍សំណើជួយគ្នាទៅវិញទៅមក ដែលមានចែងក្នុងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ករណីទាំងអស់នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌដែលធ្វើឡើង ស្របតាមសន្ធិសញ្ញា ឬអនុសញ្ញាទេ្វភាគី ឬពហុភាគីដែលបានទទួលសច្ចាប័ន ពីព្រះរាជាណាចក្រកម្ពុជាផង លើកលេងតែមានបញ្ញាតផ្ទុយ ដែលមានចែងជាក់លាក់ក្នុងសន្ធិសញ្ញា ឬអនុសញ្ញានោះ ឬច្បាប់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ៕