(ភ្នំពេញ)៖ យ៉ាងហោចណាស់បណ្តឹងព្រហ្មទណ្ឌចំនួន ២ករណី ដែលប្តឹងដោយសុវណ្ណកុមារ អិលអិលស៉ី Sovann Komar, LLC ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ប្រឆាំងនឹងអតីតបុគ្គលិករបស់សុវណ្ណកុមារ រួមមាន អតីតនាយកប្រតិបត្តិគឺលោក សុធា អរុណ ត្រូវបានបញ្ជូនទៅតុលាការកម្ពុជា។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានចេញដីកាកោះហៅលោកស្រី Kara Heide ដែលជាក្រុមប្រឹក្សាភិបាលរបស់ Golden Children, Inc. ដែលគ្រប់គ្រងលើអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិសុវណ្ណកុមារ អិលអិលស៉ី។ សុវណ្ណកុមារកំពុងបើកដំណើរការភូមិកុមារមួយនៅក្នុងប្រទេសកម្ពុជា សម្រាប់ក្មេងជំទង់ប្រមាណជាង ៥០នាក់។
ដីកាកោះហៅនេះបានស្នើឱ្យលោកស្រី Heide បញ្ជាក់ពីការចោទប្រកាន់ក្នុងបណ្តឹងព្រហ្មទណ្ឌ ដែលបានប្តឹងកាលពីខែតុលា ឆ្នាំ២០១៩ ទៅលើ លោក សុធា អរុណ អតីតនាយកប្រតិបត្តិរបស់ អង្គការ សុវណ្ណកុមារ អិលអិលស៉ី និងអតីតបុគ្គលិកមួយចំនួនពីបទរំលោភបំពាន និងការធ្វើទារុណកម្មលើកុមារយ៉ាងធ្ងន់ធ្ងរ។ ដូចដែលបានកំណត់សម្គាល់នៅក្នុងដីកាកោះហៅនេះ ការរំលោភបំពានរួមមានការធ្វើទារុណកម្ម ការបង្អត់អាហារ ការធ្វើអំពើឃោរឃៅ និងភាពធ្វេសប្រហែសទុកចោលចំពោះអនីតិជនអាយុក្រោម ១៥ឆ្នាំ។ អំពើទាំងនេះ ត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋតាមមាត្រា២១០ មាត្រា២១១ មាត្រា ២១២ និងមាត្រា៣៣៧ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា។
ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ចៅក្រមស៉ើបអង្កេតបានកោះហៅសាក្សីជាង ១០នាក់ដើម្បីបញ្ជាក់ពីការចោទប្រកាន់នេះ។ សកម្មភាពរបស់សាលាដំបូងរាជធានីភ្នំពេញ គឺជាសញ្ញាលើកទឹកចិត្តមួយដែលបង្ហាញថា ប្រព័ន្ធច្បាប់កម្ពុជាកំពុងតែឆ្ពោះទៅមុខនៅក្នុងទិសដៅដ៏ត្រឹមត្រូវ ទាក់ទងនឹងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ នៃការរំលោភបំពានលើកុមារនៅកម្ពុជា។
ដូចដែលបានកំណត់សម្គាល់នៅក្នុងដីកាកោះហៅ ការរំលោភបំពានលើកុមារបានកើតឡើងនៅក្នុងភូមិសុវណ្ណកុមារចាប់តាំងពីឆ្នាំ២០០៤ រហូតដល់ខែសីហា ឆ្នាំ២០១៩ នៅពេលដែលលោក សុធា អរុណ និងបុគ្គលិកបីនាក់ផ្សេងទៀត ត្រូវបានបញ្ឈប់ពីមុខតំណែង។ ការកោះហៅនេះ ធ្វើឡើងតាមសេចក្តីសម្រេចនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយព្រះរាជអាជ្ញា សេង ហេង ដើម្បីផ្តល់យោបល់ណែនាំពាក្យបណ្តឹងព្រហ្មទណ្ឌនេះ ទៅចៅក្រមស៉ើបសួរ ហុក ពៅ។ ទាំងការកោះហៅ និងអនុសាសន៍របស់ព្រះរាជអាជ្ញា គឺជាសញ្ញាដ៏ល្អដែលបង្ហាញថានីតិវិធីត្រឹមត្រូវ កំពុងត្រូវបានអនុវត្តក្នុងករណីបណ្តឹងព្រហ្មទណ្ឌនេះ ហើយឆ្លុះបញ្ចាំងពីភាពវិជ្ជមាននៃប្រព័ន្ធច្បាប់កម្ពុជា។
រហូតមកដល់ពេលនេះ តុលាការបានឃើញភស្តុតាងជារូបថតនៃការរំលោភបំពាន និងបានស្តាប់នូវសក្ខីភាពពីសាក្សីជាង ១០រូប រួចមកហើយ ហើយបានកោះហៅជនជាប់ចោទ ឱ្យឆ្លើយតប និងចោទសួរអំពីអង្គហេតុ។
បន្ថែមពីលើនេះ លោក សុធា អរុណប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌទីពីរ ដែលបានប្តឹងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ពីបទលួចបន្លំហិរញ្ញវត្ថុ និងរំលោភសេចក្តីទុកចិត្ត ពាក់ព័ន្ធនឹងការក្លែងបន្លំថវិកាដែលមានចំនួនលើសពី ១,៤លានដុល្លារសហរដ្ឋអាមេរិច ពីអង្គការក្រៅរដ្ឋាភិបាលសុវណ្ណកុមារ អិលអិលស៉ី។ លោក សុធា អរុណ ក៏បានចូលរួមក្នុងអំពើពុករលួយ បក្ខពួកនិយម និងការក្លែងបន្លំកិច្ចព្រមព្រៀងដីធ្លីទាក់ទងនឹងដីធ្លី ដែលទទួលបានសម្រាប់ប្រើប្រាស់ដោយសុវណ្ណកុមារ។ នៅខែឧសភា ឆ្នាំ២០២០ ព្រះរាជអាជ្ញាលោក សេង គឹមឡាក់ បានផ្តល់ការចោទប្រកាន់លើជនជាប់ចោទ និងបក្ខពួកប្រាំ ៦នាក់ ពាក់ព័ន្ធនឹងការលួចបន្លំ និងរំលោភសេចក្តីទុកចិត្ត ដោយក្នុងនោះរួមមានលោកសុធាអរុណ និងអតីតគណនេយ្យករ គឺអ្នកស្រី ជាតិ ចាន់ មរកត។
សកម្មភាពរបស់ព្រះរាជអាជ្ញាទាំងពីរ គឺព្រះរាជអាជ្ញា សេង ហេង និងព្រះរាជអាជ្ញា សេង គឹមឡាក់ និងចៅក្រមស៉ើបសួរ ហុក ពៅ ជាសារមួយទៅកាន់សហគមន៍អន្តរជាតិថា ក្រសួងយុត្តិធម៌ និងរាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាការពារពលរដ្ឋកម្ពុជា ជាពិសេសអនីតិជន។
ដើម្បីទទួលបានភាពយុត្តិធម៌ អង្គការសុវណ្ណកុមារ អិលអិលស៉ី កំពុងសហការជាមួយអាជ្ញាធរកម្ពុជា និងក្រសួងនានាដើម្បីនាំខ្លួនលោក សុធា អរុណ និងបក្ខពួកទៅតុលាការ។ ស្ថាប័នខាងក្រោមនេះ រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិកភ្នំពេញ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃបានដឹងលឺ និងបានទទួលយកនីតិវិធីនានាប្រឆាំងនឹងបុគ្គលទាំងនោះរួចរាល់ហើយ
សុវណ្ណកុមារ អិលអិលស៉ី បានប្តេជ្ញាធានាការការពារនៅក្នុងភូមិសុវណ្ណកុមារ ដើម្បីសម្រេចបាននូវបេសកម្មដើមរបស់អង្គការសុវណ្ណកុមារ៖ «ដើម្បីបង្កើតទីកន្លែងប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅកម្ពុជាដើម្បីឱ្យកុមារទាំងនោះមានការអភិវឌ្ឍផ្លូវកាយ បញ្ញា ផ្លូវអារម្មណ៍ និងស្មារតីដើម្បីឈានទៅរកសក្តានុពលពេញលេញរបស់ពួកគេ»៕