(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយសហការី អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បាននាំយកសម្ភារ និងបច្ច័យចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពក្មេងប្រុសស្រី៣នាក់ ដែលរងគ្រោះដោយបាក់រលំជញ្ជាំងសង្កត់លើស្លាប់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលក្មេងទាំង៣នាក់ បានដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
នាឱកាសដ៏សែនក្រៀមក្រំនោះ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ជា សុមេធី ប្រធានគណ:កម្មាធិកាសាខាបាទក្រហមកម្ពុជាខេត្តព្រៃវែង និងបានចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារសពដែលត្រូវបាត់បង់កូន និងចៅជាទីស្រលាញ់ស្មើកែវភ្នែកនេះផងដែ។
សូមជម្រាបថា សពក្មេងរងគ្រោះទាំង៣នាក់មានទី១៖ ឈ្មោះ ឆេង ញ៉ ភេទប្រុស អាយុ៧ឆ្នាំ ទី២៖ ឆេង ចំរើន ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ម៉េង នី អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ព្រុំ ហួន អាយុ ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ជាជាងសំណង់រៀបឥដ្ឋ) និងសពក្មេងទី៣៖ ឈ្មោះ ម៉េង ទូច ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ម៉ាប់ ឡុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ ឆេង នាង អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង (ជាជាងសំណង់រៀបឥដ្ឋ)។
សម្ភារៈដែលរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តព្រៃវែង ចូលបុណ្យរួមមាន៖ សម្ភារៈសាខាផ្តល់ជូនរួមមាន៖ អង្ករ ៧៥គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស និងថវិកាចំនួន ១,២០០,០០០រៀល។ លោក ហ៊ឺ បាវី អនុប្រធានកិត្តិយសសាខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ១,៨០០,០០០រៀល។ លោក ជា សុមេធី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ១,០០០,០០០រៀល។ សម្ភារៈអនុសាខាស្រុកផ្តល់ជូនមាន៖ អង្ករ ៧៥គីឡូក្រាម និងថវិកាចំនួន ៣០០,០០០រៀលផងដែ៕