(ភ្នំពេញ)៖ រយៈពេល២ខែ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានបញ្ចប់ព្រមទាំងបានស្វែងរកថវិកាបានសរុប៥ម៉ឺនដុល្លារអាមេរិក ក្នុងន័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលក្នុងនោះបានប្រគល់ ជូនក្រសួងសុខាភិបាល និងមន្ទីរពេទ្យចំនួន៣ផ្សេងទៀត ក្នុងអំឡុងសង្គ្រាមប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លាជាមួយនឹងជំងឺកូវីដ១៩នេះ។
ថវិកាទាំងអស់នេះ ទទួលបានបន្ទាប់ពីក្រុមហ៊ុនមិត្តហ្វូនបានប្រកាសបង្កើត «មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩» នាដើមខែមេសា ឆ្នាំ២០២០ ហើយមិត្តហ្វូនបានទទួលការចាប់អារម្មណ៍ ចូលរួមពីសំណាក់អតិថិជនជាង២សែននាក់ ដែលស្មើរនឹងការបរិច្ចាក ប្រាក់៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅកាន់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ កាលពីថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។ លើសពីនេះទៅទៀត ប្រព័ន្ធវីដេអូខនហ្រ្វេន (Conference) ក៏បានផ្តល់ជូនក្រសួងសុខាភិបាលផងដែរ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ពីចម្ងាយរវាងមន្ទីរពេទ្យមួយ ទៅមន្ទីរពេទ្យមួយផ្សេងទៀត ឬមណ្ឌលសុខភាពនានា នៅទូទាំងប្រទេសឲ្យកាន់តែមានភាពងាយស្រួល ក្នុងស្ថានភាពដ៏លំបាកនេះ។
សម្រាប់ថវិកានេះ បានមកពីការចូលរួមគាំទ្រពីសំណាក់អតិថិជនមិត្តហ្វូនទាំងអស់ ដែលមិត្តហ្វូននឹងបរិច្ចាកទឹកប្រាក់ចំនួន ១,០០០រៀលនៅពេល ដែលអតិថិជនបានទាញយកកម្មវិធី eMoney និង Mocha App ដោយឥតគិតថ្លៃ ហើយថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូន បានប្រគល់នូវមូលនិធិរបស់ខ្លួនកាលពីពេលកន្លងមក សរុបទឹកប្រាក់បាន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនទៅក្រសួងសុខាភិបាល, វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, និងមណ្ឌលសុខភាពចាក់អង្រែ។
លោក ហ្វុង វ៉ាន់គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូន បានថ្លែងឲ្យដឹងថា «ចាប់តាំងពីជំងឺកូវីដ១៩ រាតត្បាតនៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមសហការ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយគ្រប់រូបភាព អំពីអនាម័យ ទម្លាប់ក្នុងការរស់នៅ ធ្វើយ៉ាងណាដើម្បីធានាថា ប្រជាជនកម្ពុជាអាចជៀសឆ្ងាយពីជំងឺកូវីដ១៩នេះ។ ក្នុងនោះ ដើម្បីធានាថា ប្រជាជនកម្ពុជាអាចគេចផុតពីជំងឺនេះ យើងក៏បានបង្កើតនូវមូលនិធិមិត្តហ្វូន ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីផ្តល់នូវការគាំទ្រដល់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ»។
លោកបានបញ្ជាក់ថា «ចំណែកអតិថិជនមិត្តហ្វូនទាំងអស់ ក៏នឹងមានអារម្មណ៍មោទនភាព ដែលបានសហការ និងរួមចំណែក ដែលបានធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តិទៅបានយ៉ាងរលូន ហើយយើងខ្ញុំពិតជាថ្លែងអំណរអរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រនូវ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះផងដែរ»។
លោកបន្តថា មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺជាកម្មវិធីមិនគិតថ្លៃ ហើយលោកអ្នកអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នាបន្ធូរបន្ថយស្ថានភាពដ៏លំបាកនេះជាមួយគ្នា ដើម្បីចូលរួមចាប់ផ្តើមក្នុងកម្មវិធីបរិច្ចាគនេះ អតិថិជនគ្រាន់តែ ដំឡើងនិងចុះឈ្មោះកម្មវិធី Mocha ឬ eMoney App នៅលើ Google Play ឬ App Store ជាការស្រេច។ រាល់គណនីនីមួយៗដែលដំណើរការ មិត្តហ្វូននឹងបរិច្ចាគទឹកប្រាក់ ១,០០០រៀលទៅកាន់មូលនិធិនេះ។
លោកបានបន្ថែមថា មិត្តហ្វូនប្តេជ្ញាបន្តបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងមធ្យោបាយផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រការការពារជំងឺកូវីដ១៩បន្តទៀតផងដែរ។ សូមចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានពត៌មានផ្សេងៗ៕