(ភ្នំពេញ)៖ ក្នុងក្របខណ្ឌ នៃផែនការពិសេសរបស់ AUF ក្នុងបរិបទរោគរាតត្បាត Covid-19 និងនៅក្នុងផែនការជួយជ្រោមជ្រែងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិក ក្នុងការបង្កើនគុណភាព បណ្តុះបណ្តាលជាលក្ខណៈអ៊ីប្រ៊ីដ (Hybride) និងពីចម្ងាយនៅតាមសាកលវិទ្យាល័យ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំកម្ពុជា បានរៀបចំការប្រជុំសិក្ខាសាលា តាមអនឡាញនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

សិក្ខាសាលាលើកទី៣ដែល AUF បានរៀបចំនេះផ្តោតលើការបញ្ចូលកម្មវិធីបង្រៀន និងការគ្រប់គ្រងការអប់រំតាមអនឡាញប្រកបដោយប្រសិទ្ធិភាពនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។

សាកលវិទ្យាធិការសាកលវិទ្យាធិការរង ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងតំណាងសាកលវិទ្យាល័យទាំង១២ រួមនិងតំណាងក្រសួងការបរទេស ក្រសួងអប់រំ ព្រមទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួនទៀតសរុបប្រមាណ ១៣០នាក់ បានចូលរួមក្នុងសិក្ខាសាលានេះដោយផ្ទាល់តាមអនឡាញជាមួយនឹងឧបករណ៍ Microsoft Teams និងតាមការផ្សាយបន្តផ្ទាល់នៅតាមគ្រឹះស្ថាន របស់ខ្លួនសំរាប់មន្ត្រីជាថ្នាក់ដឹកនាំនិងសាស្ត្រាចារ្យជាច្រើនទៀតផង។

នាកម្មវិធីបើកសិក្ខាសាលា លោកស្រី នាយិការ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា៖ « ការបណ្តុះបណ្តាលពីចម្ងាយគឺចាំបាច់ណាស់ក្នុងបរិបទនៃការឆ្លងរាលដាលនៃកូវីត។ អាស្រ័យហេតុនេះហើយ វាគឺជាជំហានដំបូងដែលយើងចង់អភិវឌ្ឈជាមួយលោកអ្នក និងធ្វើការងារនេះបន្តបន្ទាប់ច្រើនឆ្នាំទៅមុខទៀត ព្រោះវាចាំបាច់ណាស់សំរាប់គ្រឹះស្ថានឧត្តមសិក្សា។ លោកអ្នកបានយល់កាន់តែច្បាស់នូវអ្វីដែលយើងធ្វើថ្ងៃនេះមិនមែនសំរាប់តែក្នុងបរិបទកូវីតទេ គឺសំរាប់អនាគត។ AUF គឺជារបស់គ្រឹះស្ថានជាសមាជិកនៅកម្ពុជា»។

លោក Mokhtar Ben Henda វាគ្មិនជំនាញផ្នែកបង្រៀនអនឡាញមកពីសាកលវិទ្យាល័យ Bordeaux Montaigne នៃប្រទេសបារាំង បានថ្លែងថា «នៅលើពិភពលោកទោះបីនៅប្រទេស រីកចំរើនមួយចំនួន នៅមានតំបន់ខ្លះមិនទាន់មានការអប់រំពីចម្ងាយនៅឡើយទេ។ មានការបណ្តុះបណ្តាលយូរមកហើយតាមទូរទស្សន៍ វិទ្យុ តេលេក្រាម ។ល។ ប៉ុន្តែមិនទាន់អាចចាត់ទុកជាការបង្រៀនតាមអនឡាញនោះទេ»។

លោកបានបន្តថា តាមការសិក្សារបស់លោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនាប៉ុន្មានខែមុនកូវីត១៩ ប្រទេស កម្ពុជាទើបតែចាប់ផ្តើមដំណើរការខ្លះៗប៉ុណ្ណោះប៉ុន្តែនៅខ្វះខាតដំណោះស្រាយ ដែលមានរចនាសម្ព័ន្ធច្បាស់ លាស់នៅឡើយ។ ហេតុដូច្នេះហើយក្នុងបរិបទកូវីត១៩នេះបានជួយជំរុញកាន់តែលឿននូវការបង្រៀនពីចម្ងាយនិងជំរុញខ្លាំងក្លាបន្ថែមទៀតក្រោយកូវីត។

សិក្ខាសាលាដែលរៀបចំពេលនេះគឺផ្តោតលើវិធីសាស្ត្រនិងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធិភាពសំរាប់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាក្នុងការបញ្ចូលកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ។ ការសិក្សាពីចម្ងាយបែងចែកជា៣កំរិត៖

*ទី១៖ Transversal គ្រូៗប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា (ICT) សាធារណៈរៀងៗខ្លួន ដើម្បីផលិតឡើងវិញនូវសកម្មភាពបង្រៀនទល់មុខគ្នា (បណ្តាញសង្គម ការផ្ញើសារ ថតមេរៀនជា វីដេអូ ជជែកគ្នា។ល។ វាជាដំណោះស្រាយក្នុងរយៈពេលខ្លី។
*ទី២៖ គ្រឹះស្ថានសិក្សាវិនិយោគលើការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ដើម្បីរៀបចំដំឡើង វគ្គបណ្តុះបណ្តាលពីចម្ងាយ (បន្ទប់បង្រៀន LAN, ENT, Internet, WIFI…)។ ជាការរៀបចំការបណ្តុះបណ្តាលមិនទាន់ទទួលស្គាល់ជាលក្ខណៈផ្លូវការតាមច្បាប់ប្រទេស។
*ទី៣៖ រដ្ឋបង្កើតច្បាប់សម្រាប់គ្រប់គ្រងការអប់រំតាមប្រព័ន្ធអេឡិចត្រូនិច (ក្រឹត្យ សារាចរ គោលនយោបាយអប់រំជាតិ។ល។)។ ស្ថិតក្នុងន័យនេះ ថ្នាក់ដឹកនាំគ្រឹះស្ថានដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តាប់និងស្រង់នូវតម្រូវការទាំងឡាយទាំងបច្ចេកវិទ្យា ឧបករណ៏ និងគរុកោសល្យ របស់សាស្ត្រាចារ្យដើម្បីមានអ្វីជាទឡ្ហីករក្នុងការស្នើសុំការបង្កើតច្បាប់ជូនដល់ក្រសួងអប់រំឬរដ្ឋាភិបាល។
មានការចោទជាសំណួរថាតើគ្រឹះស្ថានទាំងឡាយត្រូវរង់ចាំបង្កើតច្បាប់ហើយទើបធ្វើការបង្រៀនតាមអនឡាញ។

លោកវាគ្មិនបានលើកទឹកចិត្តឲ្យគ្រឹះស្ថានទាំងឡាយចាប់ផ្តើមពីឥឡូវដោយផ្តោតលើដំណោះស្រាយ៥ជំហ៊ានសំខាន់ៗ ក្នុងការបញ្ចូលកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ៖

*ទី១៖ វិភាគលើតម្រូវការនិងកំណត់ទិសដៅ (តើការសិក្សាពីចម្ងាយមានបញ្ហាប្រឈមអ្វីខ្លះ? តើអ្នកចង់បង្រៀនពីចម្ងាយលើជំនាញអ្វីខ្លះ? តើសំដៅទៅលើអ្នកសិក្សាប្រភេទណាខ្លះ? តើអ្នកសិក្សាមានការអប់រំបច្ចេកទេស វិជ្ជាជីវៈ និងវប្បធម៌កម្រិតណា?)
*ទី២៖ កំណត់គោលដៅប្រកបដោយភាពឆ្លាតវៃ
*ទី៣៖ កំណត់ផែនការណ៏សកម្មភាព ខ្លឹមសារនិងវិធីសាស្ត្រវាយតម្លៃ
*ទី៤៖ ជ្រើសរើសបច្ចេកវិទ្យា/កំណត់ឧបករណ៍ (Plateforme) ប្រព័ន្ធគ្រប់គ្រងការសិក្សា ដែលត្រូវយកមកប្រើ។ សាកល្បងដំណើរការបច្ចេកទេស និងគរុកោសល្យ ដើម្បីកែសម្រួលមុនពេលចាប់ផ្តើម។
*ទី៥៖ ធ្វើសកម្មភាព/ប្រតិបត្តិការបញ្ចូលខ្លឹមសារទៅលើ Plateforme ដែលបានជ្រើសរើស។

គ្រប់ជំហាននិងដំណោះស្រាយមានបញ្ជាក់ក្នុងសៀវភៅមគ្គុទេសន៍សំរាប់ការបណ្តុះបណ្តាលពីចម្ងាយដែល AUF បានបកប្រែជាភាសាខ្មែរ និងចែកជូនដល់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យទាំងឡាយដែលបានចូលរួម ក្នុងសិក្ខាសាលា។

បន្ទាប់ពីបានបង្ហាញនូវគន្លឺះសំខាន់ៗដែលអាចជួយជាប្រទីបដល់ថ្នាក់ដឹកនាំនៃគ្រឹះស្ថានក្នុងការបញ្ចូលកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ លោកក៏បានលើកឡើងអំពីក្របខ័ណ្ឌគតិយុត្តិ មូលដ្ឋានបច្ចេកវិទ្យា នវានុវត្តន៍គរុកោសល្យ គំរូសេដ្ឋកិច្ចទាក់ទងនឹងការចំណាយលើការអប់រំពីចម្ងាយ ការបង់ប្រាក់ជូនសាស្ត្រាចារ្យដឹកនាំនិងបង្រៀនតាមអនឡាញ។ល។ ដែលមានការចំណាយខុសគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយ។

ជាចុងក្រោយលោកវាគ្មិនបានលើកឡើងថាការិយាល័យ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមានសក្តានុពលគ្រប់គ្រាន់អាចចូលរួមជ្រោមជ្រែងគ្រឹះស្ថានឧត្តមសិក្សាទាំងឡាយ និងស្វែងរកឯកសារផ្សេងៗ ដើម្បីជួយជាដំណោះស្រាយដល់គ្រប់តម្រូវការរបស់គ្រឹះស្ថានក្នុងការដាក់អោយដំណើរការការអប់រំពីចម្ងាយប្រកបដោយប្រសិទ្ធិភាព។ តំណាងការិយាល័យ AUF នៅកម្ពុជាបានរំលឹកអំពីកម្មវិធីបណ្តុះបណ្តាលតាមអនឡាញនិងបានអញ្ជើញសាស្ត្រាចារ្យ តំណាងគ្រឹះស្ថានទាំងឡាយអោយចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំសិក្ខាសាលាតាមអនឡាញដែល AUF រៀបចំជាបន្តបន្ទាប់នាសប្តាហ៍ក្រោយដែលកាលបរិច្ឆេទនិងពេលវេលាមានបញ្ជាក់នៅក្នុងកម្មវិធីដែលបានចែកជូនរួចហើយ៕