(ភ្នំពេញ)៖ លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) បានទទួលគ្រឿងឧបភោគ បរិភោគ និងសម្លៀកបំពាក់
ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
លោកស្រី ពេជ ចន្ទមុន្នី បានសំណេះសំណាល ផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានប្រគល់អំណោយ ដល់លោកយាយ លោកតា ដែលជាមនុស្សចាស់នៅក្នុងអង្គការនេះ ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងបរិយាកាសស្និទ្ធស្នាលក្រៃលែង។
លោកស្រី ពេជ ចន្ទមុន្នី ក៏បានផ្តាំផ្ញើឲ្យលោកយាយ លោកតា អ៊ំ ពូ មីង ថែទាំសុខភាពក្នុងរដូវកាលនេះ តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឲ្យសហគមន៍ យើងឆ្លងរីករាលដាលជំងឺ Covid-19។
សូមបញ្ជាក់ថា នេះគឺជាលើកទី១៥ហើយ ដែលលោកស្រី ពេជ ចន្ទមុន្នី បានមកដល់អង្គការនេះ ដែលជាទីកន្លែងមានអនុស្សាវរីយ៍ជាច្រើន រវាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ រួមមាន៖ ការពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ដល់ក្មួយៗកុមារដោយឥតគិតថ្លៃ ការប្រគល់ផ្ទះដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ការប្រគល់គ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា និងអំណោយផ្សេងៗជាច្រើនទៀត ដល់ក្មួយៗ និងលោកយាយ-លោកតា អ៊ំ ពូ មីង នៅក្នុងអង្គការនេះ ក្នុងរយៈពេល៦ឆ្នាំ៕