(ព្រៃវែង)៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង ឃាត់ខ្លួនបានបន្ទាប់ពីរូបគេបានលួចម៉ូតូមិត្តភក្តិរបស់ឯងជាងផ្សារដែក នៅខណ្ឌពោធិ៍សែនជ័យ នៅភ្នំពេញ ហើយបើករត់មកពួនសំងំគេចខ្លួននៅស្រុកបាភ្នំ។ ករណីឃាត់ខ្លួននេះបានធ្វើឡើងព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិបឹងប្រស្រែ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលស្រុកបាភ្នំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឿន សុខគា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបឹងប្រស្រែ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ បូ សានី ភេទប្រុស អាយុ២៦ ឆ្នាំភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅមុនពេលកើតហេតុនៅត្រង់ចំណុចផ្ទះជួលស្ថិតភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយជនរងគ្រោះនិងជនសង្ស័យស្នាក់នៅផ្ទះជួលជាមួយគ្នា ដោយពួកគេធ្វើកម្មករផ្សារដែក។ លុះដល់វេលាម៉ោង ២២៖៣០នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះដេកលក់ ទុកម៉ូតូក្នុងបន្ទប់ជនសង្ស័យ ខណៈជនរងគ្រោះដេកក្រៅបន្ទប់ លុះភ្ញាក់ឡើងក៏បាត់ម៉ូតូ និងបាត់ជនសង្ស័យតែម្ដង គឺជនសង្ស័យបានយកម៉ូតូជិះគេចទៅស្រុកកំណើតនៅ ស្រុកបាភ្នំ ទើបខ្លួនប្ដឹងរាយការណ៍ប្រាប់សមត្ថកិច្ច។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលដំណឹងនេះនគរបាលខេត្តព្រៃវែង បានដាក់កម្លាំងពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះទើបចាប់បានជនសង្ស័យនៅចំណុចខាងលើ រួមនិងវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក LETS ពណ៌ស លេខតួCE45 D 421106. លេខម៉ាស៊ីន AE52 421022. ពាក់ផ្លាកលេខ ស្វាយរៀង1M 8280។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានលួចម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាងម៉ូតូបានយកមករក្សារទុកនៅប៉ុស្ដឹរដ្ឋបាលឈើកាច់៕