(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តគោរពអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងការអំពាវនាវរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងពាក់ព័ន្ធជុំវិញជំងឺឆ្លង Covid-១៩។
ការអំពាវនាវនេះ ធ្វើឡើងខណៈលោកអភិបាលខេត្ត ដឹកនាំមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាសាខាអនុសាខាកាកបាទក្រហមពាក់ព័ន្ធ ប្រគល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តលើកទី៤ ជូនដល់អនុសាខា និងអាជ្ញាធរក្រុង ស្រុកទាំង៨ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ដែលពិធីប្រគល់ទទួលអំណោយនោះ ធ្វើឡើងនៅទីតាំងសាលាខេត្តកំពត។
លោក ជាវ តាយ បានបន្តអំពាវនាវ ដល់មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអ្នកទេសចរជាតិអន្តរជាតិ សូមបន្តការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩បន្ថែមទៀត ដោយប្រកាន់ខ្ជាប់អនុវត្តនូវវិធានការអនាម័យ និងរក្សាគម្លាតសង្គមឲ្យបានជាប្រចាំ ទោះជាស្ថានភាពជំងីកូវីដ១៩នៅកម្ពុជា ក៏ដូចជាខេត្តកំពត មានសភាពល្អប្រសើរក៏ដោយ។
លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថា បើទោះបី ជាស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាហាក់ប្រសើរឡើង ហើយអ្នកជំងឺដែលបានព្យាបាលជាសះស្បើយចំនួន ១២៣នាក់ ក្នុងចំណោមករណីឆ្លង ១២៥នាក់ នៅសល់តែ២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋក្តី ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុក ដាក់យ៉ាងខ្លាំង។ ដោយឡែក សម្រាប់ស្ថានភាពខេត្តកំពត បន្ទាប់ពីអ្នកឆ្លងជំងឺកូវីដ១៩ ទាំងចំនួន ១២២នាក់ បានជាសះស្បើយ។
សង្កេតឃើញប្រជាពលរដ្ឋហ៊ានចេញក្រៅផ្ទះ ភ្ញៀវទេសចរណ៍ចាប់ផ្តើមនាំគ្នា មកកម្សាន្តខេត្តកំពតឡើងវិញ កន្លែងបម្រើសេវាទេសចរណ៍ផ្សេងៗដែលនៅក្រៅបម្រាមក៏ចាប់ផ្តើមដំណើរការ ជាប្រក្រតីវិញដែរ។ ហើយជារៀងរាល់ថ្ងៃ ចុងសប្តាហ៍នីមួយៗ នៅតាមដងផ្លូវក្នុងក្រុងកំពត ចរាចរមានការកកស្ទះជាអន្លឺៗ ខណៈដែលតំបន់រមណីយដ្ឋាននានា មានទេសចរច្រើនកុះករ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ ស្ថានភាពជំងីកូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋខេត្តកំពត ជួបបញ្ហាជីវភាពខ្វះខាតមួយចំនួនហើយសាខាកាកបាទក្រហម កម្ពុជាខេត្ត ក៏ដូចរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់ អំពីបញ្ហារឿងនេះ ជួយប្រជាពលរដ្ឋដល់មូលដ្ឋាន តាមតម្រូវការខ្វះខាតជាក់ស្តែង មិនមែនកៀរគរអំណោយមកសម្រាប់ ទុកក្នុងឃ្លាំងនោះទេ។
ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត បានសំណូមពរ និងផ្ដាំផ្ញើ ដល់មន្ត្រីអនុសាខាកាកបាទក្រហម ក្រុង ស្រុក ក្នុងខេត្តទាំងអស់ បន្ទាប់ពីទទួលបាននូវអង្ករ និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តនេះតទៅ ត្រូវបន្តយកទៅចែកចាយ ជូនដល់ដៃប្រជាពលរដ្ឋនៅមូលដ្ឋានគោលដៅរបស់ខ្លួន ដើម្បីសម្រាលការលំបាកខ្វះខាតរបស់ពួកគាត់ ក្នុងដំណាក់កាល នៃជំងឺ Covid-19។
អំណោយដែលត្រូវបែងចែកជូនសម្រាប់ដល់ អនុសាខាកាកបាទក្រហមក្រុងស្រុកទាំង៨ ក្នុងនោះរួមមាន៖ មួយក្រុង ស្រុក ទទួលបានអង្ករ១តោន, ទឹកអាល់កុល ៣០លីត្រ, ជែលអាល់កុល២០ដប ខិត្តប័ណ្ណអប់រំបង្ការជំងឺឆ្លងកូវីដ១៩ ចំនួន១០០សន្លឹក, សាប៊ូ២៥ដុំ។ ដោយឡែកសម្រាប់ចែកដល់ភូមិគោលដៅ ៤៨៨ភូមិ មានទឹកអាល់កុល ចំនួន៤៨៨លីត្រ និងម៉ាសចំនួន ៤៨៨ប្រអប់ផងដែរ៕