(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចការសាងសង់បានជា៣៧ភាគរយហើយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ទៀតថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដែលជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញផ្លូវនេះ គ្រោងនឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុង Facebook យ៉ាងដូច្នេះថា «ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ រហូតមកដល់ពេលនេះ ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចការសាងសង់បានជា៣៧ភាគរយហើយ ហើយតាមគម្រោង ការស្ថាបនានឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង»។
សូមជម្រាបថា ផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគ្រោងថវិកាសាងសង់ជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ ពិធីបើកការដ្ឋានផ្លូវដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។
ផ្លូវនេះមានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។
ផ្លូវក្រវាត់ក្រុងទី៣នេះ នឹងមានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ។ សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។ សាងសង់ស្ពានមធ្យម និងខ្លីចំនួន០៦កន្លែង និងលូគ្រប់ប្រភេទ១១៣កន្លែង។
គម្រោងផ្លូវនេះចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយរាជរដ្ឋាភិបាលកម្ពុជាចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយ ផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ៕