(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញសេចក្ដីសម្រេចតែងតាំង លោក តាំង សុខឃី ជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមខេត្តកណ្ដាល សម្រាប់អណត្តិទី៥ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ។
យោងតាមលិខិត ដែលអង្គភាព Fresh News ទើបតែទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា យោងទៅតាមតម្រូវការចាំបាច់ របស់កាកបាទក្រហមកម្ពុជា ជាពិសេសសាខាកាកបាទក្រហម ប្រចាំខេត្តកណ្ដាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចតែងតាំង មនុស្ស៣នាក់បន្ថែមទៀត មានដូចជា៖
ទី១៖ លោកស្រី សំប៊ូរ សុម៉ាលី ជាអនុប្រធានកិត្តិយស
ទី២៖ លោកឧកញ៉ា ង៉ូវ ស៊្រុន ជាអនុប្រធានកិត្តិយស
ទី៣៖ លោក តាំង សុខឃី ជាអនុប្រធានកិត្តិយស។
លោក តាំង សុខឃី បានថ្លែងប្រាប់ Fresh News នៅថ្ងៃនេះថា លោកពិតជាសប្បាយរីករាយ ដែលបានផ្ដល់កិត្តិយសយ៉ាងធំធេង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតាំងរូបលោកជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហម ប្រចាំខេត្តកណ្ដាល ខណៈដែលរូបលោក គឺជាមនុស្សដែលចូលចិត្តធ្វើការងារសង្គម ការងារមនុស្សធម៌នេះស្រាប់។ លោកបានតាំងចិត្តថា នឹងបន្តកិច្ចការនេះ ជាមួយនឹងទំនុកចិត្តខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងងាយរងគ្រោះ និងជួបហានិភ័យផ្សេងៗ ឲ្យទាន់ពេលវេលា និងអស់ពីកម្លាំងកាយចិត្ត៕