(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ អមដំណើរដោយលោក ហោ ជិនវិរយុទ្ធ អភិបាលស្រុក បានដឹកនាំក្រុមកាងារសិក្សាផលកសិកម្ម ដំណាំដំឡូងមី និងត្រសក់ផ្អែម ដែលស្ថិតនៅទីតាំងភូមិអណ្តូង៣ ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រោយករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅកម្ពុជាបានថមថយ ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តខិតខំចុះទៅពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃការបង្កបង្កើនផលផ្សេងៗ របស់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម នៅក្នុងខេត្តឧត្តរមានជ័យ។ តាមរយៈការជំរុញ និងលើកទឹកចិត្តដល់បងប្អូន ចាប់តាំងពីខែមករា រហូតមកដល់ពេលនេះ បងប្អូនបានការចាប់អារម្មណ៍ និងមមារញឹកយ៉ាងខ្លាំងក្នុងការបង្កបង្កើនផលដាំដំណាំផ្សេងៗ។
ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះផលកសិកម្ម ដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះ គឺជាឆន្ទៈ និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ចង់បានចង់ឃើញប្រជាពលរដ្ឋ មានជីវភាពសម្បូរសប្បាយរស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្តែងផលកសិកម្មទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ រួមផ្សំជាមួយការយកចិត្តទុកដាក់ អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួន ដើម្បីនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ទេសរដ្ឋមន្ត្រី គន់ គីម បានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផលធ្វើយ៉ាងណា បង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសកាត់បន្ថយការនាំចូល៕