(កំពង់ឆ្នាំង)៖ ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី លី អៃឡែន បានសម្ដែងនូវការកោតសរសើរ ចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការទប់ស្កាត់ជំងឺកូវី១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំខេត្តរបស់ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងជំនួបរវាងលោកស្រី លី អៃឡែន ជាមួយអភិបាលខេត្ត នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងមន្ទីរសុខាភិបាលជាច្រើនរូបទៀត។
លោកស្រី លី អៃឡែន បានថ្លែងអំណរគុណ សូមថ្លែងអំណរគុណចំពោះអភិបាលខេត្ត ដែលបានបង្ហាញនូវសមានចិត្តក្នុងការគាំទ្ររបស់លោក ក្នុងការអំពាវនាវ នៃអង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកាត់បន្ថយទំហំ នៃផលប៉ះពាល់ និងបញ្ឈប់បាននូវការរាតត្បាតនៃជំងឺ COVID-19។
លោកស្រីមានសេចក្តីសោមនស្សរីករាយ ដែលអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាល បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចប្រតិបត្តិការផែនការយុទ្ធសាស្ត្រ បម្រុងត្រៀមទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺ COVID-19 ជាសាកលរបស់អង្គការសុខភាពពិភពលោក។ ជាមួយនឹងការយកចិត្តទុកដាក់នេះ លោកស្រីក៏បានធ្វើការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ ជាពិសេសសូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 យ៉ាងសកម្មផងដែរ។
ជាថ្មីម្ដងទៀត លោកស្រី លី អៃឡែន បានបន្តថា អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកលតំបន់ និងជាតិបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាដៃគូធំៗនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺ COVID-19 ដែលយើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការរីកសាយភាយនាពេលអនាគត ជាពិសេសការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ។
នាឱកាសនោះលោក ឈួរ ច័ន្ទឌឿន ក្នុងនាមអាជ្ញាធរខេត្ត បានសន្យាថា នឹងចូលរួមទប់ស្កាត់ជំងឺ COVID-19 នេះបន្ថែមទៀតតាមរយៈ ជំរុញការផ្សព្វផ្សាយ ឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដោយធ្វើចត្តាឡីស័កប្រជាពលរដ្ឋ ដែលចេញចូលមកពីក្រៅប្រទេស ក៏ដូចជាអន្តរាគមន៍ ទាន់ពេលចំពោះករណីសង្ស័យ ដែលមានពាក់ព័ន្ធនឹងជំងឺនេះ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឆ្លើយទៅនឹងសំណួរមួយចំនួនរបស់លោកស្រី លី អៃឡែន ដែលលោកស្រីបានសួរ ពាក់ព័ន្ធទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ករណីបើមានការចម្លងដល់ប្រជាពលរដ្ឋ ចំនួន១០០នាក់នៅក្នុងខេត្ត តើខាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានវិធានការបែបណា តើត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យទាំង៣ ក្នុងខេត្តនេះ ឬក៏បញ្ជូនអ្នកជំងឺទៅភ្នំពេញ?។
ក្នុងនោះដែរ លោក ប្រាក់ វ៉ុន ក៏បានឆ្លើយអំពីវិធានការមួយចំនួន ដែលក្រុមគ្រូពេទ្យជួរមុខ ត្រូវតែយកចិត្តទុកដាក់បំពេញ គឺត្រូវតែទុកអ្នកជំងឺ ដើម្បីថែទាំព្យាបាលនៅក្នុងខេត្ត ប្រសិនបើអ្នកជំងឺមានករណីធ្ងន់ធ្ងរខាងមន្ទីរសុខាភិបាល ត្រូវតែប្រឹក្សាជាមួយក្រសួងសុខាភិបាល ដើម្បីដោះស្រាយជាបន្ទាន់ផងដែរ៕