(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំបណ្តុះបណ្តាលបន្ថែមដល់ក្រុមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អំពីរបៀបប្រើប្រាស់សម្ភារៈបាញ់ថ្នាំសម្លាប់មេរោគប្រឆាំងជំងឺកូវីដឲ្យបានត្រឹមត្រូវតាមបច្ចកទេស ដោយមានការជួយបណ្តុះបណ្តាលពីអ្នកជំនាញការមកពីកងពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់៧១១ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក។
កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាអនុប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល (CSAF) លោក សួង ហួត អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។
លោក សោម អូន បានថ្លែងថា បន្ទាប់ពីទទួលបានសម្ភារៈប្រឆាំងជំងឺកូវីដ-១៩ ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី លោកបានរៀបចំក្រុមការងាររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាចំនួន ១៥នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញប្រើសម្ភារៈបាញ់ថ្នាំសម្លាប់មេរោគ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសចំនួន ២លើក គឺលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងលើកទី២ គឺនៅថ្ងៃនេះតែម្តង។
លោក សោម អូន បានបន្ថែមថា វាជាឱកាសល្អសម្រាប់ NACC ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាលដាលកូវីដ-១៩ ដែលក្រុមសហជីពបានកំណត់មុខសញ្ញាជាអាទិភាព គឺទីកន្លែងកម្មករស្នាក់នៅ និងទីកន្លែងកម្មករធ្វើការ។ ជាមួយនេះដែរ ក៏នឹងពង្រឹកវិសាលភាពប្រតិបត្តិការនៅកន្លែងធ្វើការរដ្ឋតាមបណ្តារាជធានី-ខេត្តផងដែរ។
លោក សោម អូន ក៏បានថ្លែងអំណគុណដល់ក្រុមការងារ NACC ដែលបានស្ម័គ្រចិត្តចូលរួមកិច្ចការនេះ ដើម្បីបុព្វហេតុកម្មករ និងបុព្វហេតុសង្គម។ លោកក៏បានថ្លែងអំណគុណដល់ក្រុមអ្នកជំនាញការមកពីកងពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់៧១១ ដែលបានសហការ និងបង្រៀនដល់ក្រុមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលនឹងចុះធ្វើប្រតិបត្តិការនៅសប្តាហ៍ក្រោយនេះ ហើយរំពឹងថានឹងទទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់៕