(ភ្នំពេញ)៖ ក្នុងកាយវិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់អ្នកព័ត៌មានដែលតាមយកព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ មន្ត្រីខុទ្ទកាល័យរបស់សម្តេចតេជោ បានសម្របសម្រួលភ្លាមៗក្នុងជួយព្យាបាលលោក អ៊ូ ចន្ថា ដែលរងរបួសបាក់ជើង និងឆ្អឹងដងកាំបិតដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។
នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២យប់ ពេលត្រឡប់ពីខេត្តព្រះសីហនុ មកដល់រាជធានីភ្នំពេញ លោក អ៊ូ ចន្ថា អាយុ៧៣ឆ្នាំ បម្រើការងារនៅកាសែតកោះសន្តិភាព បានជិះម៉ូតូត្រឡប់ទៅផ្ទះនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ គាប់ជួនក្នុងរាត្រីនោះ ពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះនោះ មានភ្លៀង និងខ្យល់ធ្លាក់យ៉ាងខ្លាំង។ កម្លាំងខ្យល់ និងភ្លៀងនោះ បានបោកលោក អ៊ូ ចន្ថា ឱ្យដួលលើស្ពានអាកាស៧មករា ហើយសង្កត់បាក់ជើងខាងស្តាំ ក្រោយដំណក់ភ្លៀងយ៉ាងជោកជាំ និងខ្យល់យ៉ាងខ្លាំង។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកស្រី សុង ឡេងបូរា នាយិកាពិធីការសម្តេចតេជោ ហ៊ុន សែន បានជួបសម្របសម្រួល និងទាក់ទងទៅខាងមន្ទីរពេទ្យ ដើម្បីផ្តល់សេវាព្យាបាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ។
ដោយឡែក លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីរំលែកការលំបាករបស់លោក អ៊ូ ចន្ថា ក្នុងកំលុងពេលសម្រាកព្យាបាលរបួសនេះផងដែរ។
ក្រៅពីការជួយជ្រោមជ្រែងរបស់មន្ត្រីខុទ្ទកាល័យសម្តេចតេជោហើយនោះ ក្រុមអ្នកព័ត៌មានដែលតាមយកព័ត៌មានរបស់សម្តេចតេជោ, សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា, លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News, លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ, លោក មុត ខៀវ ទីប្រឹក្សាផ្ទាល់សម្តេចេជោ រួមនិងអ្នកព័ត៌មាននៅអង្គភាពផ្សេងៗទៀត បានរួមគ្នាឧបត្ថម្ភថវិកាមួយចំនួនទៀត ដើម្បីជួយសម្រាលការលំបាករបស់លោក អ៊ូ ចន្ថា។
ថវិកាផុសចេញពីបេះដូងពោរពេញដោយក្តីអាណិត ស្រឡាញ់ និងមេត្តាធម៌សរុបប្រមាណ ១,៥៤០ដុល្លារ និង៤លាន ២៩ម៉ឺនរៀល ត្រូវបានលោក ងិន សុភា និង លោក អនឃួន សំអូន ដែលជាអគ្គនាយករងទូរទស្សន៍ជាតិ និងជាប្រធានក្រុមអ្នកព័ត៌មានតាមសម្តេចតេជោ យកទៅប្រគល់ដល់ដៃលោក អ៊ូ ចន្ថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។
លោក អ៊ូ ចន្ថា បម្រើការងារនៅកាសែតកោះសន្តិភាពរយៈពេលជិត២០ឆ្នាំ ដោយមានតួនាទីចុះតាមយកព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន។ តែបច្ចុប្បន្នលោកមានជីវភាពមិនសូវជាប្រសើរនោះឡើយ ពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះដំបូងឡើយលោកបានស្វះស្វែងរកការព្យាបាលជាមួយគ្រូព្យាបាលបែបបុរាណ ព្រោះតែគ្មានលទ្ធភាព។ តែដោយមានការជួយជ្រោមជ្រែងពីមន្ត្រីខុទ្ទកាល័យសម្តេចតេជោ និងក្រុមអ្នកព័ត៌មាន ទើបលោកមានលទ្ធភាពទទួលសេវាព្យាបាលជាមួយគ្រូពេទ្យតាមបែបវេជ្ជសាស្ត្រទំនើបវិញ។
ដូច្នេះទំហំទឹកចិត្តពោរពេញដោយមនោសញ្ចេតនារបស់មន្ត្រីខុទ្ទកាល័យរបស់សម្តេចតេជោ និងមិត្តអ្នកព័ត៌មាន មានគុណតម្លៃមិនអាចកាត់ថ្លៃបានឡើយសម្រាប់លោក អ៊ូ ចន្ថា។ ពីលើគ្រែពេទ្យកន្លែងកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យកាល់ម៉ែត លោក អ៊ូ ចន្ថា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សេង ទៀង, លោកស្រី សុង ឡេងបូរា ដែលបានផ្តល់ការសណ្តោសប្រណៃខ្ពស់ចំពោះរូបលោក និងជួយដោះស្រាយទុក្ខលំបាកក្នុងជីវិតរបស់លោក។
លោក អ៊ូ ចន្ថា អរគុណ លោក ងិន សុភា លោក អនឃួន សំអូន និងមិត្តអ្នកព័ត៌មានទាំងអស់ ដែលបានបើកលំហរបេះដូងផ្តល់ការជួយសង្គ្រោះចំពោះរូបលោក។
ជាមួយអារម្មណ៍ក្តុកក្តួលរំជួលចិត្តចំពោះទឹកចិត្តដ៏មានតម្លៃធំធេងមិនអាចគណនា លោក អ៊ូ ចន្ថា បានហៅការជួយទុក្ខលំបាករបស់លោកនៅពេលនេះ ជាគុណបំណាច់មួយដែលមិនអាចបំភ្លេចបាននោះឡើយនៅក្នុងជីវិតរបស់លោក និងក្រុមគ្រួសាររបស់លោកទាំងមូល៕