(ឧត្តរមានជ័យ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាលបានទម្លាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ធ្វើការផ្តល់ជូនប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA និងបន្តផ្សព្វផ្សាយពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងការកែសម្រួលលក្ខមួយចំនួនផងដែរ។
ការចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត ក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត។
ដោយសង្កេតឃើញថា ខេត្តឧត្តរមានជ័យជាខេត្តមានសក្តានុពលខាងផ្នែកកសិកម្ម មានផ្ទៃដីធំ និងមានជីវជាតិល្អ ដូចនេះលោក កៅ ថាច បន្តលើកទឹកចិត្តដល់កសិករ ឲ្យចងក្រងគ្នាជាក្រុមផលិតឲ្យបានច្បាស់លាស់ និងបង្កើនការផលិតប្រកបដោយគុណភាព និងមានស្តង់ដារ ជាពិសេសត្រូវរៀបចំផែនការក្នុងការដាំដុះឲ្យបានត្រឹមត្រូវ និងជាដំណាក់កាល ដើម្បីងាយស្រួលក្នុងរកទីផ្សារ និងចៀសវាងការដាំដុះច្រើនលើសតម្រូវការ ដែលជាដើមហេតុធ្វើឲ្យតម្លៃធ្លាក់ចុះ។
ដោយឡែក បញ្ហាទីផ្សារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការជួយភ្ជាប់រវាងអ្នកផលិត ទៅកាន់អ្នកទទួលទិញ។ ទន្ទឹមនេះ ក្នុងករណីពលរដ្ឋមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌ ធនាគារនឹងជួយទំលាក់ឥណទានឲ្យបានទាន់ពេលវេលា ដើម្បីជួយពន្លឿនដល់ដំណើរការបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ខ្លួនបាន។
លោក កៅ ថាច បានស្នើសុំដល់មន្ទីរកសិកម្មខេត្ត បន្តជួយជាបច្ខេកទេសបន្ថែមផងដែរ ដើម្បីជួយដល់កសិករ និងស្នើដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក សូមជួយផ្សព្វផ្សាយបន្តអំពីកញ្ចប់ហិរញ្ញប្បទានពិសេសនេះ អោយបានជ្រាបដល់ពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។ ឆ្លៀតក្នុងឱកាសនោះលោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ផ្សេងៗ ដែលបានសួរទៅកាន់លោក និងបានបំភ្លឺជូនដល់ពលរដ្ឋយ៉ាងផុសផុល និងមានភាពស្និតស្នាល៕