(បន្ទាយមានជ័យ)៖ ចំការលម៉ើ នៅភូមិកងវ៉ាសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងមានការចាប់អារម្មណ៍ ពីមហាជនចូលលេង និងទិញយកទៅពិសារយ៉ាងពេញនិយម ធ្វើឲ្យម្ចាស់ចំការសប្បាយចិត្ត ពេលឃើញមានការគាំទ្រដំណាំលម៉ើរបស់ខ្មែរយើងបែបនេះ។
ម្ចាស់ចំការលម៉ើនៅភូមិកងវ៉ា មានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដំណាំលម៉ើចាប់ផ្តើមឲ្យផល និងមានការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋមកទស្សនាជាច្រើនក្នុងមួយថ្ងៃៗ។ ទន្ទឹមនឹងនោះ ម្ចាស់ចំការលក់លម៉ើ បានពី១៥០ រហូតដល់១៧០គីឡូក្រាម ក្នុងមួយថ្ងៃ ដោយក្នុង១គីឡូក្រាម តម្លៃ៥ម៉ឺនរៀល។
លោក យាន មេន អាយុ៣៥ឆ្នាំ ដែលជាម្ចាស់ចំការ បានឲ្យដឹងថា ដំបូងឡើយខ្លួនគឺជាងជួសជុលទូរសព្ទម្នាក់ តែបានចាប់យករបដាំលម៉ើ ដែលមានផ្ទៃដី ៤រៃ មានលម៉ើ ១៦៥ដើម។ លោកបានប្រាប់ឲ្យដឹងថា បានចាប់ផ្តើមដាំដើមលម៉ើនេះ រយៈពេល៣ឆ្នាំមកហើយ។
ដំបូងឡើយលោកជាជាងជួសជុលទូរសព្ទ ហើយមិនមានបច្ចេកទេសដាំដុះលម៉ើរនោះទេ តែអ្វីដែលជំរុញឲ្យលោកចាប់អារម្មណ៍ដាំដុះដំណាំនេះ ដោយសារលោកបានមើលការដាំដុះ តាមប្រព័ន្ធ Youtube ហើយគិតថា ការដាំលម៉ើនេះទទួលបានផលចំណេញច្រើន។ ប្រការនេះហើយ ដែលធ្វើឲ្យលោកបានសម្រេចចិត្ត ចាប់ផ្តើមទិញពូជយកមកដាំដុះតែម្តង។
លោក យាន មេន ប្រាប់ថា ដំណាំលម៉ើដែលលោកបានដាំនេះ មានពីរពូជ គឺពូជប៉ាហឺ (Barhi) និង KL1។ រយៈ ពេល៣ឆ្នាំមកនេះ ឃើញថាឆ្នាំនេះ គឺជាឆ្នាំទី១ហើយ ដែលលោកបានទទួលផលប្រមាណ៣០ដើម ដោយក្នុងមួយដើមបានផលប្រហែល ២០ទៅ ៣០គីឡូក្រាម (ដើមល្អ) តែបើដើមមិនសូវល្អបានប្រហែលតែ៣ ទៅ៤គីឡូក្រាម តែប៉ុណ្ណោះ។
ចំពោះការលក់ចេញវិញ បច្ចុប្បន្នលោកលក់ក្នុង១គីឡូក្រាម តែ៥ម៉ឺនរៀលតែប៉ុណ្ណោះ (ពីមុនលោកលក់១គីឡូក្រាម៦ម៉ឺន រៀល បើទិញចាប់ពី ២គីឡូក្រាមឡើងលក់ក្នុង ១គីឡូក្រាម ៥ម៉ឺនរៀល)។ ទន្ទឹមនឹងនោះ លោកក៏បានសប្បាយរីករាយ នៅពេលឃើញមានភ្ញៀវមកទស្សនាចំការរបស់លោក ជាច្រើនាក់ក្នុងមួយថ្ងៃៗ ខណៈអ្នកខ្លះមានមកពីសៀមរាប ឧត្តរមានជ័យ ហើយក៏បានទិញយកទៅផ្ទះផងដែរ។
ទោះជាយ៉ាងនេះក្តី លោក យាន មេន បានសំណូមពរប្រជាពលរដ្ឋដែលមកលេងចំការរបស់លោក អាចថតរូបភាពដោយសេរី តែសូមកុំប៉ះពាល់ ឬបេះផ្លែដែលមិនទាន់ទុំ។ លោកក៏បានសំណូមពរដល់មន្ទីរជំនាញ ជួយផ្សព្វផ្សាយពីដំណាំលម៉ើនេះ ឲ្យមានការចូលរួមគាំទ្រផលិតផលរបស់ខ្មែរយើង និងបានសំណូមពរដល់មន្ទីរជំនាញ ជួយផ្តល់ការបណ្តុះបណ្តាលទាក់ទង នឹងជំនាញដាំដុះបន្ថែមដល់ពួកគាត់ ដើម្បីឲ្យការដាំដុះនេះទទួលបានផលកាន់តែល្អប្រសើរ។
បន្ថែមលើនេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ទូទាំងក្រុងសិរីសោភ័ណនេះប្រមាណ៦០% ប្រជាពលរដ្ឋប្រកបរបកសិកម្មដំណាំគ្រប់ប្រភេទ មានដូចជា ដំណាំយកស្លឹក មើម និងផ្លែជាដើម។ លោកថា នៅក្នុងក្រុងក៏មានសហគមន៍មួយ គឺសហគមន៍ បន្លែសុវត្ថិភាពកងវ៉ា ដែលមានផ្ទៃដីប្រមាណ ៥៧ហិកតា មានសមាជិកចូលរួមដាំដុះ ៤៦គ្រួសារ ។
លោកបានឲ្យដឹងទៀតថា ចំពោះដំណាំលម៉ើនេះនៅទូទាំងក្រុង មានតែ២កន្លែងនោះទេ គឺនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លាមួយកន្លែង និងភូមិកងវ៉ា សង្កាត់កំពង់ស្វាយមួយកន្លែង។ ចំពោះ ដំណាំលម៉ើនៅភូមិកងវ៉ា ចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។
ក្នុងនាមអាជ្ញាធរក្រុង លោកបានលើកឡើងថា៖
* ចង់ឲ្យពលរដ្ឋដែលមានដីទំនេរគួរចាប់យកការដាំដុះលម៉ើ ឲ្យបានច្រើនព្រោះវាមានផលចំណេញ ហើយអាយុកាលវែង។
* ពលរដ្ឋដែលកំពុងបានដាំលម៉ើ លោកជំរុញឲ្យមានការដាំដុះបន្ថែម បើខ្វះខាតថវិកាក្នុងការចង់ពង្រីកការដាំដុះបន្ថែមនោះ មូលនិធិរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានសម្រាប់ឲ្យខ្ចីបាន ក៏ដូចធនាគាអភិវឌ្ឍន៍ជនបទ ដោយគិតការប្រាក់ទាបបំផុត។
លោកអភិបាលក្រុង ក៏បានសំណូមពរដល់ពលរដ្ឋ ងាកមកជួយគាំទ្រផលិតផលរបស់ខ្មែរយើងឲ្យបានច្រើន។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំក៏នឹងរៀបចំឲ្យមានផ្លូវបេតុង ងាយស្រួលដល់ការដឹកជញ្ជូនកសិកផលផ្សេងៗ ហើយនឹងរៀបចំប្រព័ន្ធភ្លើង មកដល់ទីតាំងខាងលើផងដែរ៕