(សៀមរាប)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនសមាជិក សមាជិកា ចំនួន ២០០នាក់ នៃសមាគមជនពិការអង្គរ នៅក្នុងក្រុងសៀមរាប និងស្រុកស្វាយលើ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ ហេតុនេះប្រធានសមាគម ត្រូវរិះរកមធ្យោបាយជួយផ្ដល់នូវចំណេះចំនាញដល់សមាជិកសមាជិកានៃមានគម ដើម្បីពួកគាត់អាចមានជំនាញប្ររបរ ឬអាជីពដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសមាគមទាំងមូលផងដែរ។
លើសពីនោះ លោកស្រី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ និង ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម។
ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ចៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនជូនជនពិការតាមខ្នងផ្ទះ ចំនួន ១០គ្រួសារ នៅភូមិជប់លើ ភូមិបឹងមីលា ឃុំជប់លើ ឃុំបឹងមីលា ស្រុកស្វាយលើ ខេត្តសៀមរាប។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន នៅថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២០ រួមមាន៖
*សម្រាប់សមាគជនពិការអង្គរ៖ ថវិកា ៥លានរៀល
*សមាជិក សមាជិកា ម្នាក់ៗទទួលបាន៖ ឃីតអនាម័យ១កញ្ចប់ អង្ករ២៥គីឡូក្រាម មី១កេល ត្រីខ១យួរ និងថវិកា ៩ម៉ឺនរៀល៕