(បន្ទាយមានជ័យ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តសាំយ៉ុងបុកគ្នាជាមួយរថយន្តនីសាន់ Frontier នៅវេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែតលេខ១៨-១៩ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា មុនពេលកើតហេតុដំបូងមាន១គ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឳឡឹក ស្លាកលេខ ភ្នំពេញ 2AL-0475 បើកបរដោយឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹង ស្រុកកំចាយមា ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីខាងលិចទៅខាងកើត និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនតូច០១គ្រឿងម៉ាក Nissan Frontier ពណ៌ស ស្លាកលេខ បាត់ដំបង 2B-7518 បើកបរដោយឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីទិសដៅខាងកើតទៅខាងលិច បុកចំពីមុខបណ្តាលឲ្យមានគ្រោះថ្នាក់តែម្តង។
ក្នុងនោះមានអ្នករួមដំណើរ០២នាក់ ម្នាក់ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ, ម្នាក់ទៀតឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីរខាងលើរស់នៅភូមិក្បាលទំនប់ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអ្នករួមដំណើរ និងអ្នកបើកបរខាងរថយន្ត Nissan Frontier របួសធ្ងន់០៣នាក់រួមមាន៖
១៖ ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ
២៖ ឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ
៣៖ ឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ។
រីឯខាង រថយន្តសាំយ៉ុងស្លាប់អ្នកបើកររថយន្តស្លាប់នៅនឹងកន្លែងឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើររបួសស្រាលឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ។ រថយន្តទាំង២គ្រឿងខូចខាតធ្ងន់។
ចំពោះមូលហេតុ បណ្តាលមកពីរថយន្តម៉ាក Nissan Frontier បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងដោយខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាងរថយន្តទាំង០២គ្រឿង កម្លាំងនគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕