(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យបន្តពិនិត្យនៅតាមភោជនីយដ្ឋាន ផ្សារតូចធំ កន្លែងប្រជុំជន រួមទាំងកន្លែងប្រមូលផ្តុំមនុស្សច្រើន ពីការអនុវត្តវិធានការបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាការរីករាលដាលនៃជំងឺនេះលើពិភពលោកមិនទាន់ថមថយនៅឡើយនោះទេ។
នៅលើទំព័រ Facebook នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកត់សម្គាល់ថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅលើពិភពលោកមិនទាន់បានថមថយនៅលើយទេ ហើយបានរីកសាយភាយទៅដល់ប្រទេស និងដែនដីចំនួន២១៦ហើយ។ ជំងឺឆ្លងសាកលមួយនេះ បាននិងកំពុងបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
សម្តេចតេជោ បានរំលឹកប្រជាពលរដ្ឋឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីថែរក្សាសុខភាព ការពារការឆ្លងជំងឺកូវីដ១៩ ដោយដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងជែលជាដើម។
ទន្ទឹមគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកផងដែរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យនៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងប្រមូលផ្តុំមនុស្សច្រើន តើមានអនុវត្តន៍តាមវិធានបង្ការជំងឺកូវីដ១៩ដូចការណែនាំក្រសួងសុខាភិបាលដែរឬទេ?
សម្តេចតេជោ បានសង្កត់ធ្ងន់ថា នៅតាមគ្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យ ត្រូវតែមានជែល ឬទឹកអាល់កុល និងម៉ាស សម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីមនុស្សម្នាក់ទៅម្នាក់ទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរទៅកាន់ប្រជាពលរដ្ឋឱ្យបន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ និងរាយការណ៍ជាបន្ទាន់ទៅកាន់លេខ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩។ ជាមួយគ្នានេះត្រូវតាមដាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោក៏បានអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ទាន់ហេតុការណ៍ និងវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ការរីករាលដាលជំងឺកូវីដ១៩នៅតែបន្តមានភាពស្រួចស្រាវមិនទាន់ថមថយនៅឡើយនោះទេ។ មកដល់ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សនៅទូទាំងពិភពលោកជិត៧លាននាក់ហើយ បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះមនុស្សជិត ៤០ម៉ឺននាក់បានស្លាប់ ហើយជាង ៣លាននាក់ បានព្យាបាលជាសះស្បើយឡើងវិញ។
សម្រាប់នៅកម្ពុជា អ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ១២៥នាក់ ព្យាបាលជា ១២៣នាក់ ខណៈអ្នកជំងឺ២នាក់ កំពុងព្យាបាល៕