(ភ្នំពេញ)៖ វិស័យទេសចរណ៍ក្នុងស្រុក បានចាប់ផ្តើមងើបឡើងវិញ ជាបណ្ដើរៗហើយ ស្របពេលស្ថានភាពជំងឺ Covid-19 នៅកម្ពុជា បានថមថយ និងអាចគ្រប់គ្រងបាន ដែលភាគច្រើនភ្ញៀវទេសចរ ទៅលេងកម្សាន្ត នៅតាមតំបន់ឆ្នេរ ដូចជា ខេត្តកំពត កែប និងព្រះសីហនុ។
នេះបើតាមការលើកឡើង របស់លោក ឈុន មករា អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋាន គ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទេសក៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពី «ការជំរុញកំណើរកម្សាន្តក្នុងស្រុក តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរណ៍» ក្នុងគោលដៅផ្សព្វផ្សាយ ពីសក្តានុពលតំបន់ទេសចរ និងជំរុញចលនាទេសចរ ក្នុងស្រុកក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបរទេសកំពុងរស់នៅកម្ពុជា។
សន្និសីទព័ត៌មាននេះ ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours សហការជាមួយបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News និង ក្រុមហ៊ុន ហ្វ័ររេស ហាម៉ូនី (Forest Harmony) ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងវីឡា ស្នាក់នៅបែបលំហែកាយ នៅខេត្តកំពត។
លោក ឈុន មករា បញ្ជាក់យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ក្នុងស្រុក ចាប់ផ្តើមងើបឡើងវិញ នៅជិត២ខែចុងក្រោយនេះ បើទោះបីជាសកម្មភាពទេសចរបរទេស នៅមិនទាន់ត្រលប់មករកស្ថានភាព ប្រសើរដូចមុនក្តី»។
លោកបានបញ្ជាក់ទៀតថា ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋ១៥ម៉ឺននាក់ បានធ្វើការដើរកម្សាន្ត ហើយក្នុងចំណោមទិសដៅទេសចរ ភាគច្រើន នៅតាមតំបន់ឆ្នេរដូចជា ខេត្តកំពត ខេត្តកែប និង ខេត្តព្រះសីហនុ ដែលហាក់មានការពេញនិយមជាងគេ។
លោក ឈុន មករា បានថ្លែងថា «អំឡុងពេលនេះ ភ្ញៀវទេសចរ ទៅលេង កំពត-កែប ច្រើនណាស់ ហើយខាងសៀមរាប នៅមិនទាន់ខ្លាំងវិញនៅឡើយទេ។ ភ្ញៀវទេសចរ បុកទៅលេងតំបន់ឆ្នេរច្រើន ដោយសារទេសភាពឆ្នេរស្រស់ស្អាត ហើយមានទេសភាពធម្មជាតិ ព្រៃភ្នំជាដើម និងមានទីតាំងជិតភ្នំពេញ ដែលត្រូវការពេលវេលាខ្លី»។
ជាមួយគ្នានោះ ប្រធាននាយកដ្ឋាន គ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទេសក៍ទេសចរណ៍ បានគូសបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ បានក្លាយជាវិស័យជួរមុខ ដែលរងផលប៉ះពាល់ ដោយការឆ្លងរាលដាល នៃជំងឺកូវីដ ១៩។
លោកថា នៅពេលដែលជំងឺនេះ កើតឡើងដំបូងៗ កាលអំឡុងខែមីនា ការអនុវត្តន៍វិធានការប្រុងប្រយ័ត្ន ដោយការរក្សាគម្លាតសង្គម បានធ្វើឲ្យសកម្មភាពដើរកម្សាន្ត របស់ប្រជាជនក្នុងស្រុក ធ្លាក់ចុះយ៉ាងគំហុក។ ស្របពេលជាមួយគ្នា លំហូរចូលភ្ញៀវទេសចរបរទេស ស្ទើរតែគ្មាន។
លោក ឈុន មករា បានអះអាងថា ពេលស្ថានភាពជំងឺធូរស្បើយ និងគ្រប់គ្រងបាន ការជំរុញសកម្មភាពទេសក្នុងស្រុក គឺជាគោលនយោបាយល្អ និងជួយគាំទ្រ ដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា។
លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours បានបញ្ជាក់ថា ស្របពេលក្រុមហ៊ុនទេសចរណ៍ Chaming Cambodia Tours បានរៀបចំ នៅកញ្ចប់ទស្សនកិច្ចទេសចរណ៍ ទៅកាន់ទិសដៅសំខាន់ៗ។
លោកបន្ដថា ក្រុមហ៊ុន ក៏ចាំបាច់ត្រូវអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ដែលជាសេនាធិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid 19 ក៏ដូចជាអនុវត្តនតាមការ ណែនាំរបស់ក្រសួងទេសចរណ៍ លើវិធានសុវត្ថិភាពទេសចរណ៍ (Safety Tourism Measures) ដើម្បីចូលរួមបង្ការ ការពារ និងរក្សានូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅ ជូនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកំសាន្តផ្ទៃក្នុង។
អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Charming Cambodia Tours បានបន្ថែមថា ការធ្វើដំណើរកម្សាន្តជាកញ្ចប់នេះ ក៏ជាឱកាសសម្រាប់ការវិនិយោគ ជាពិសេសគម្រោងអចលនទ្រព្យ នៅតាមតំបន់សក្តានុពលទេសចរណ៍ផងដែរ។
បើតាមលោក អ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Hamony ដែលកំពុងមានគម្រោងអភិវឌ្ឍន៍វីឡាលំហែកាយ បែបធម្មជាតិ ៩០ វីឡាលើផ្ទៃដី១៣ ហិកតាវីឡា នៅខេត្តកំពត បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍របស់ Forest Hamony កំពុងជួយទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ទៅទស្សនាខេត្តកំពត។
លោកបានថ្លែងយ៉ាងដូច្នេះថា «គម្រោងរបស់យើង មានវីឡាលំហែកាយបែបធម្មជាតិ មានទេសភាពព្រៃភ្នំ និងព្រៃប្រឹក្សាស្រស់ស្អាត ដែលធ្វើឲ្យបងប្អូនទាំងក្នុងប្រទេស និងក្រៅប្រទេសពីអាស៊ី និងអ៊ឺរ៉ុប មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានភ្ញៀវទៅទស្សនាជាប្រចាំ»។
គូសបញ្ជាក់ថា ខេត្តកំពត កំពុងក្លាយជាគោលដៅទេសចរ ដ៏លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេស ដែលកំពុងស្នាក់នៅកម្ពុជា៕