(ត្បូងឃ្មុំ)៖ ចាស់ជរាក្រលំបាករស់នៅក្នុងខ្ទមកំសត់៥គ្រួសារ ក្នុងនោះខេត្តត្បូងឃ្មុំ១គ្រួសារ ខេត្តកំពង់ចាម១គ្រួសារ និងខេត្តពោធិ៍សាត់៣គ្រួសារ ដែលបានដង្ហើយហៅជំនួយបន្ថែមទៀត បន្ទាប់ពីអាជ្ញារខេត្ត និងសាខាកាកបាទក្រហមខេត្តទាំង៣ខេត្ត បានឧបត្ថម្ភនាពេលកន្លងមកនោះ បន្ទាប់ពីទទួលដំណឹងពួកគាត់លំបាកពិតប្រាកដ នឹងត្រូវការជំនួយបន្ថែមយ៉ាងចាំបាច់នោះ លោកឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នៃក្រសួងមហាផ្ទៃ និងក្រុមកឋិនសាមគ្គី ដែលមានបេះដូងមនុស្សធម៌តែងតែចុះជួយចាស់ជរាកំសត់ ពលរដ្ឋក្រីក្រលំបាក បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ខ្ទមកំសត់ភ្លាមៗផងដែរ។
លោកតាលោកយាយចាស់ជរាក្រលំបាកទាំង៣គ្រួសារ ដែលរស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមកឋិនសាមគ្គី នាំយកអំណោយទៅផ្តល់ជូនដល់ខ្ទមជាបន្តបន្ទាប់ កាលពីពេលកន្លងទៅ។
ដោយឡែកកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ហេង រតនា រួមជាមួយព្រះចៅអធិការវត្តកោះរការ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក ហ៊ាង សុភី នាយកស្តីទីទីចាត់ការធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ និងក្រុមការងារ បានបន្តនាំយកទេយ្យទានទេយ្យវត្ថុ សម្ភារៈប្រើប្រាស់ ស្បៀងអាហារមួយចំនួនធំ រួមទាំងថវិការ ទៅផ្តល់ជូនដល់ខ្ទមលោកតា ប្រាក់ សឿន អាយុ៧៥ឆ្នាំ រស់នៅឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងលោកយាយខឹម ហ៊ុន ចាស់ជរា អាយុ៩១ឆ្នាំ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ហេង រតនា បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងពីលោកតា និងលោកយាយទាំង០២នាក់ខាងលើនេះសែនកំសត់ រស់នៅម្នាក់ឯងមានជីវភាពក្រលំបាកពិតប្រាកដ គ្មានទីពឹង នៅក្នុងខ្ទមទ្រុធទ្រោមធ្លុះធ្លាយនោះ ភ្លាមៗលោក និងក្រុមការងារ រួមទាំងព្រះចៅអធិការវត្តកោះរការ បាននាំយកនូវសម្ភារៈថវិការមួយចំនួន មកចែកផ្តល់ជូនដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ក្នងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានសម្តែងនូវក្តីអាណិតអាសូរយ៉ាងខ្លាំង ដែលបានចុះមកចែកដោយផ្ទាល់ បានឃើញកន្លែងរស់នៅ និងជីវភាពដ៍សែនលំបាក ក៏ដូចជាបានទទួលនូវការថ្លែងអំណរគុណ ពីសំណាក់លោកតាលោកយាយដ៍សែនកំសត់ ដោយលើកម្រាមដៃដប់ ពោរពេញដោយស្នាមញញឹមតែទឹកភ្នែកបានហូរស្រក់ដោយក្តីរំភើបរីករាយ រកអ្វីនឹងនិយាយមិនបានឡើយ បន្ទាប់ពីទទួលជំនួយមួយចំនួនធំនេះ។
លោកឧត្តមសេនីយ៍ទោ ហេង រតនា បញ្ជាក់ប្រាប់លោកតាលោកយាយថា ចំពោះការចុះមកចែកផ្តល់ជូននេះមិនមែនធ្វើតែមួយលើកនេះទេ នៅពេលណាដែលអស់ស្បៀងអាហារ ហើយមិនមានលទ្ធភាពនោះ សូមជូនដំណឹងមកខ្ញុំ និងក្រុមការងារ នឹងចុះមកផ្តល់ជូនជាបន្តបន្ទាប់ទៀត។ បន្ថែមពីនេះ នឹងបន្តនាំយកជំនួយទៅផ្តល់ជូនចាស់ជរា និងពលរដ្ឋក្រីក្រ ចាបន្តបន្ទាប់ទៀតផងដែរ។
ចំពោះអំណោយដែលនាំយកទៅចែកជូនចាស់ជរាក្រលំបាក ០៤នាក់នៅខេត្តត្បូងឃ្មុំ និងពោធិ៍សាត់ ក្នុងម្នាក់ទទួលបានថវិការ៥០ម៉ឺនរៀល ចំណែកលោកយាយនៅខេត្តកំពង់ចាម ទទួលថវិការ៧០ម៉ឺនរៀល ព្រមទាំងស្បៀងអាហារ និងសម្ភារៈដូចៗគ្នារួមមាន៖ អង្ករចំនួន៤បេស្មើនឹង២០០គីឡូក្រាម, មីខ្លាឃ្មុំ៤កេសធំ, ត្រីខ៤យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, អំបិល១កញ្ចប់, ប៊ីចេង១កញ្ចប់, ស្ករស១កញ្ចប់, ទឹកសុទ្ធ០២កេស, ទឹកផ្លែឈើ២កេស, ព្រះមួយអង្គ, គ្រឿងសក្ការៈបូជាព្រះ, ទាន០៥ដុំ, ធូប០៥ដុំ, ធូបក្រអូប០១ដុំធំ, បាឡុង០១, ស្លាដក់០២, ស្បែកជើងផ្ទាត់០៤គូ, ក្រម៉ា៥, ខោអាវលោកតាអាចារ្យ០២កំប្លេរ សារ៉ុង និងតង់ចំនួន០១ ប្រវែង៤ម៉ែតគុណ៥ម៉ែត ដែលទាំងនេះសុទ្ធសឹងចេញពីទឹកចិត្តបងប្អូនក្រុមកឋិនសាមគ្គី៕