(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែឈានមុខគេលើការគោរពសិទ្ធិមនុស្ស ខណៈសហរដ្ឋអាមេរិក កំពុងតែផ្ទុះបាតុកម្មស្ទើគ្រប់រដ្ឋ រហូតបាតុកម្មទាមទារឱ្យរកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដូច្នេះ សូម្បីតែប្រទេសបិតាប្រជាធិបតេយ្យ ក៏ត្រូវបានរួមរឹតលើការគោរពសិទ្ធិមនុស្ស និងការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ជាដើម។
ការបញ្ជាក់បែបនេះ របស់មេសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានមនុស្សរាប់ពាន់នាក់នៅថ្ងៃសៅរ៍នេះ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ានៅក្នុងប្រទេសអូស្រ្តាលី ហើយនៅប្រទេសជប៉ុនវិញ មនុស្សរាប់រយនាក់ក៏បានធ្វើដូចគ្នានេះដែរ ដើម្បីសម្ដែងការគាំទ្របាតុករនៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើបាតុកម្មប្រឆំាងនឹងអំពើហិង្សា ប្រព្រឹត្តដោយប៉ូលិសអាមេរិក និងទាមទារយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ខណៈកូរ៉េខាងត្បូងក៏កំពុងត្រៀមរៀបចំបាតុកម្មដូចគ្នា នៅចុងសប្តាហ៍នេះតែម្តង។ ដោយឡែកកន្លងមកនេះ ប្រទេសធំៗមួយចំនួនទៀត ដូចជាអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដាជាដើម ក៏មានបាតុកម្មដូចគ្នាបានកើតឡើងរួចហើយដែរ។
បាតុកម្មតវ៉ា និងការបង្ហាញភាពខឹងសម្បារនៅជុំវិញពិភពលោក បានកើតឡើងបន្ទាប់ពីបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសអាមេរិកក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ដោយសារតែការចោទប្រកាន់ថា បានចាយលុយក្លែងក្លាយ ២០ដុលា្លរ។
ការបញ្ជាក់បែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសលោកដឹកនាំក្រុមការងារ ចុះចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាលេីកទី២ របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្អាង ដល់ប្រជាពលរដ្ឋក្រីក្រខ្លាំង នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងអត់មានអីទាំងអស់ ស្រួលការរស់នៅបងប្អូនយើងប្រកបរបរ ការសម្តែងមតិ ប៉ុន្តែ កុំឱ្យប៉ះពាល់ដល់អ្នកដទៃ យើងមានរបៀបក្រឹត្យក្រម សីលធម៌ ឥលូវស្ថានភាពនៅអាមេរិក ពូ មីង ដល់ករបាតុកម្ម ហើយមិនត្រឹមអាមេរិក ឥឡូវរហូតឆ្លងចូលទៅអឺរ៉ុប រឿងបាតុកម្ម តវ៉ា បាញ់ ទាត់ធាក់ សង្កត់ករ ការរើសអើងពូជសាសន៍ពណ៌សម្បុរ អញ្ចឹងមិនដឹងអ្នកណាជួយអ្នកណាទេ ដល់អញ្ចឹងខ្ញុំបែកអំបិល អំពែកដែរ [...] វង្វេងដែរ ត្រង់ថា ស្ថានភាពនៅអាមេរិក អឺរ៉ុប ឥលូវវាធាក់ថយក្រោយរបៀបទៅជំនាន់ដើមការរើសអើងពូជសាសន៍ពណ៌សម្បុរ ផ្នត់គំនិតអាមេរិក អឺរ៉ុប នៅជ្រៅប្រកាន់ពូជសាសន៍ ដល់លាក់ទុកយូរៗទៅវាផ្ទុះ»។
«ឯអារឿងជាន់ក សង្កត់ក ជនជាតិអាមេរិកស្បែកខ្មៅម្នាក់បណ្តាលឱ្យស្លាប់ តាមការផ្ទុះរឿងបាតុកម្មមិនមែនដោយសារតែម្នាក់នោះទេ ទឹកលវាពេញប្រៀបហើយ ក៏ប៉ុន្តែ គ្រាន់តែបន្ថែមទឹកមួយដំណក់ទៀតវាហៀររឿងវាអញ្ចឹង ហើយរឿងដែលបាញ់សម្លាប់ជនជាតិស្បែកខ្មៅ វាមានច្រើនករណី ក៏ប៉ុន្តែវាអត់ទាន់ផ្ទុះ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក កែវ រ៉េមី។
លោក កែវ រ៉េមី បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ រស់នៅដោយសុខសប្បាយ ព្រមទាំងទទួលបានសិទ្ធិគ្រប់បែបយ៉ាង ដែលគាំពារដោយច្បាប់ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ ដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកថា កម្ពុជាមិនបានគាបសង្កត់លើសេរីភាព នៃការបញ្ចេញមតិទេ ប៉ុន្តែបានអនុវត្តវិធានការផ្លូវច្បាប់តាមផ្លូវតុលាការ ចំពោះអ្នកដែលបាន ប្រព្រឹត្តបទល្មើស ដូច្នេះ រាល់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ គឺគ្មានទោសនោះទេ៕