(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ និងគ្រឿងញៀន១គីឡូក្រាម ត្រូវកម្លាំងជំនាញជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ (ក៧) របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកកិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាប នៅបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុច ស្តុបម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
លទ្ធផលនៅប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈួន ប៊ុនគង់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថតាង គ្រឿងញៀនមេតំហ្វេតាមីនប្រភេទទឹកកក (ICE) ទម្ងន់សុទ្ធ ១០០៤,៦៧ក្រាម និងទូរស័ព្ទចំនួន០១គ្រឿង។ ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕