(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន បានបន្ដចុះណែនាំ និងជំរុញលើកទឹកចិត្ដ ដល់សមាជិក-សមាជិកបក្សរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ ត្រូវបន្ថែមការយកចិត្ដទុក្ខដាក់ ដោះស្រាយបញ្ហាប្រឈមនានា ដោយមិនត្រូវទុកប្រជាពលរដ្ឋឱ្យឯកោនោះឡើយ ក្នុងអំឡុងជួបវិបត្ដិកូវីដ១៩នេះ។
តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងបន្ដថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវខិតខំបំពេញការងារបម្រើពលរដ្ឋយើងឱ្យបានល្អ ជាពិសេស ចុះស្វែងយល់ពីសុខទុក្ខ និងដោះស្រាយជូនភ្លាមៗដល់ពួកគាត់ ពេលជួបផលវិបាក និងរងគ្រោះផ្សេងៗដូចជា៖ ភ្លើងឆេះផ្ទះ ខ្យល់កន្ដ្រាក់ផ្ទះសម្បែង រួមទាំងជួបគ្រោះមហន្ដរាយធម្មជាតិនានា ក្រៅពីវិបត្ដិ ដោយសារជំងឺកូវីដ១៩។
ការថ្លែងបែបនេះ របស់តំណាងរាស្ដ្រ ម៉ា ឈឿន ក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការកសាងសមាជិកបក្សសម្រាប់ឆមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្ត ដែលធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅសាសាស្រុកជើងព្រៃ។
តំណាងរាស្រ្ដមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងទៀតថា «សូមសមាជិកសមាជិកា ត្រូវសហការគ្នាធ្វើការងារឱ្យបានល្អ និងរាយការណ៍ភ្លាមៗមិនថាយប់ ឬថ្ងៃ យើងទាំងអស់គ្នា រួមគ្នាដោះស្រាយរាល់បញ្ហាដែលពលរដ្ឋយើងកំពុងជួបប្រទះ ដោយពុំត្រូវចាំស្អែក ឬព្រឹកនោះទេ ដើម្បីផ្ដល់ភាពងាយស្រួលជូនពួកគាត់»។
លើសពីនោះ ត្រូវជួយបន្ដចុះអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរបស់យើងនៅតាមភូមិឃុំ ពីវិធានការការពារពីជំងឺកូវីដ១៩ (COVID-19) របស់ក្រសួងសុខាភិបាល ព្រោះជំងឺដ៏កាចសាហាវនេះ បានបន្ដរាតត្បាតយ៉ាងសាហាវនៅលើសកលោក ដែលបណ្ដាលឱ្យមនុស្សរាប់លាននាក់ បានឆ្លង និងរាប់ម៉ឺននាក់បានស្លាប់។ ក្នុងនោះកម្ពុជាយើង អ្នកវិជ្ជមានកូវីដ១៩ ចំនួន ១២៦ករណី គ្មានករណីស្លាប់ និងជាសះស្បើយ ១២៣នាក់ នៅ៣នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
លោកបណ្ឌិត ម៉ា ឈឿន គូសបញ្ជាក់ថា «ទោះបីនៅកម្ពុជាយើងមានករណីឆ្លងកូវីដ១៩ មិនច្រើនដូចបណ្ដាប្រទេសក៏ដោយ ក៏យើងត្រូវពង្រឹងការអប់រំប្រជាពលរដ្ឋរបស់យើង ឱ្យចៀសផុតពីកូវីដ កុំឱ្យមានករណីផ្ទុះឡើងនៃរលកទី២ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អាយុជីវិត និងប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែខ្លាំង ដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលយើង បារម្ដ និងបានបន្ដដាក់ចេញនូវវិធានការនានា ជូនដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ ខណៈដែលកម្ពុជា បានបើកជើងហោះហើរធម្មតាវិញ»។
ក្នុងឱកាសនោះ តំណាងរាស្ដ្រ ម៉ា ឈឿន បានដាក់ចេញ និងលើកទិសដៅផែនការការងារ ក្នុងការពង្រឹង និងពង្រីកសមិទ្ធផលការងារទាំងបរិមាណ និងគុណភាព
ដោយរាល់ផែនការ មិនត្រូវទុកចោល និងអនុវត្ដ តាមដានការងារឱ្យបានស្អិទរមួត និងច្បាស់លាស់ ដើម្បីស្វែងរកចំនុចខ្លាំង និងចំនុចខ្សោយ រួមទាំងបញ្ហាប្រឈម ដើម្បីដោះស្រាយ និងបន្ដធ្វើការងារទៅមុខឱ្យប្រសើរឡើង។
សូមជម្រាបថា ដោយអនុវត្ដន៍តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីការចុះជួយប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងរងគ្រោះបំផុត ក្នុងអំឡុងជំងឺកូវីដ១៩នេះ កន្លងមកនេះ តំណាងរាស្រ្ដ ម៉ា ឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ នៅក្នុងឃុំទាំង១០ នៃស្រុកជើងព្រៃ និងផ្ដល់អំណោយលើកទឹកចិត្ដ ដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន នៅស្រុកជើងព្រៃ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ដ ក្នុងការចូលរួមការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជាផងដែរ៕