(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងនគបាលរបស់ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់តំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់ ក្នុងសំណុំរឿងជនត្រូវចោទ ពាក់ពន្ធ័បទល្មើសគ្រឿងញៀនជាង ២គីឡូក្រាម ជាមួយកាំភ្លើងខ្លី២ដើម។

ជនសង្ស័យទាំងនាក់ រួមមានទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជានាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ និងទី២៖ ឈ្មោះ កេន ចាន់រី ភេទស្រី។

ករណីនេះផ្តើមចេញពីបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានពន្លាតសមត្ថកិច្ចដែនដីទៅខេត្តតាកែវ ដោយដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម ដកហូតអាវុធខ្លី ២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងទៀតថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំងពីររូបខាងលើ។

ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជានាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ ទី២៖ ឈ្មោះ កេន ចាន់រី ក្រោយឃាត់ខ្លួនដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ៕