(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយនិងសប្បុរសជន នៃថ្នាក់ដឹកនាំ និងសមាជិក ដឹកនាំដោយលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានចុះចែកអំណោយ នៅមណ្ឌលកុមារកំព្រាភូមិខែស៍ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។

លោក វ៉ី សំណាង បានថ្លែងថា លោកសប្បាយចិត្ត ជាមួយសប្បុរសជន ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ តាមរយៈ CEO Master Club ដែលមានសណ្តានចិត្ត អាណិតអាសូរដល់កុមារកំព្រា ក្មេងកំព្រាទាំងអស់ ដែលត្រូវឪពុកម្ដាយបោះបង់ចោល ភាគច្រើននៃក្មេងទៀតសោធ សុទ្ធសឹងមានសតិបញ្ញាគ្រប់គ្រាន់។

លោកអភិបាល បានបន្តថា មិនតែប៉ុណ្ណោះសប្បុរសជន បានបរិច្ចាកនូវទ្រព្យធនរបស់ខ្លួនយ៉ាងច្រើន ក្នុងការជួយដល់មជ្ឈមណ្ឌលកុមារកំព្រាមួយទៀត មណ្ឌលភូមិខៃ។

អំណោយរបស់សប្បុរសជនទាំងអស់ ដែលត្រូវចែកជូនមណ្ឌលកុមារកំព្រានេះ រួមមាន ថវិកាសរុបចំនួន ៤,៦៧៩.៦៣ដុល្លារ, ទឹកដោះគោ៣០កេះ, ស៊ាម៉ាវ៣០គីឡូ, អង្ក៩៥បេ, មី១០កេះ, ស៊ៀង១កាដុងធំ, ត្រីខ២០យួរ, សាច់ក្រក១០គីឡូក្រាម និងមានសម្ភារជាច្រើនមុខផ្សេងទៀត។

លោកអភិបានខេត្ត ក៏បានស្នើសុំឲ្យសប្បុរសជន មេត្តាបន្តជួយដល់មណ្ឌលកុមារទាំងអស់ក្នុងខេត្ត ដើម្បីផ្តល់លទ្ធភាពឲ្យគេបានរស់នៅ និងព្យាបាលសុខភាព របស់ពួកគេផងដែរ៕